ព្រះត្រៃបិដក ភាគ ៧៣

ក្នុង​កប្ប​ជាលំដាប់ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ ឈ្មោះ​វរ​ទស្សនៈ ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​កុសុមា​សនិ​យត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ កុសុមា​សនិ​យត្ថេ​រាប​ទាន។


ផល​ទាយ​កត្ថេ​រាប​ទាន ទី៧


 [២៧] ខ្ញុំ​ជា​អ្នក​ស្វាធ្យាយមន្ត ចងចាំ​មន្ត ចេះ​ចប់​ត្រៃវេទ នៅក្នុង​អាស្រម​ជិត​ព្រៃ​ហិមពាន្ត។ ការ​បូជា​ភ្លើង​របស់ខ្ញុំ​តែង​មាន ខ្ញុំ​ដាក់ផ្លែ​ឈូក​ទាំងឡាយ​ក្នុង​កញ្ចប់ ហើយ​ព្យួរ​លើ​ចុងឈើ។ ព្រះលោកវិទូ ព្រះ​នាម​បទុមុ​ត្ត​រៈ ទ្រង់​គួរ​ទទួល​នូវ​គ្រឿងបូជា ទ្រង់​មានប្រាថ្នា​នឹង​ស្រង់​ខ្ញុំ ស្ដេច​និមន្ត​ទៅ​ដើម្បី​ភិក្ខា ក៏​ចូល​មកកាន់​សំណាក់​នៃ​ខ្ញុំ។
ថយ | ទំព័រទី ៤៤ | បន្ទាប់
ID: 637642209649039756
ទៅកាន់ទំព័រ៖