ព្រះត្រៃបិដក ភាគ ៧៣

ចន្ទ​នបូ​ជកត្ថេ​រាប​ទាន ទី៣


 [៣៣] គ្រានោះ ខ្ញុំ​កើតជា​កិន្នរ នៅ​ទៀប​ឆ្នេរ​ស្ទឹង​ចន្ទ​ភា​គា ជា​អ្នកទទួល​ទាន​នូវ​ផ្កាឈើ ជា​អ្នក​ស្លៀក​នូវ​ផ្កាឈើ។ កាលនោះ ព្រះមានព្រះភាគ ព្រះនាម​អត្ថ​ទស្សី ជា​ច្បង​ក្នុង​លោក ជា​នរាសភៈ ស្តេច​ហោះ​ទៅតាម​ទីបំផុត​នៃ​ព្រៃធំ ដូច​ស្តេចហង្ស (ហើរ​ទៅ) នាអាកាស (ខ្ញុំ​សរសើរ​ពុទ្ធគុណ​ថា) បពិត្រ​ព្រះអង្គ​ជា​បុរស​អាជានេយ្យ ខ្ញុំ​សូម​ថ្វាយបង្គំ​ចំពោះ​ព្រះអង្គ ព្រះហឫទ័យ​របស់​ព្រះអង្គ ស្អាត​ល្អ​ហើយ ព្រះអង្គ​មាន​សម្បុរ​ព្រះ​ភក្រ្ត​ជ្រះថ្លា មាន​ឥន្រ្ទិយ គឺ​ព្រះ​ភក្រ្ត​ស្រស់បស់។ លុះ​ព្រះ​អត្ថ​ទស្សី មាន​បញ្ញា​ដូច​ផែនដី មាន​បញ្ញា​ជា​គ្រឿង​ពុះពារ ស្តេច​ចុះ​អំពី​អាកាស ហើយ​ក្រាល​សង្ឃាដី ទ្រង់​ចូល​មក​ទាំង​ភ្នែន។ ខ្ញុំ​បាន​យក​ខ្លឹមចន្ទន៍​ដ៏​ល្អិតផង់ ហើយ​ដើរចូល​មក​ក្នុង​សំណាក់​ព្រះ​ជិនស្រី ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្ត​សោមនស្ស បាន​បូជា​ចំពោះ​ព្រះពុទ្ធ។ ខ្ញុំ​ថ្វាយបង្គំ​ព្រះសម្ពុទ្ធ ជា​ច្បង​ក្នុង​លោក ជា​នរាសភៈ ហើយក៏​កើត​ប្រាមោទ្យ ឈមមុខ​ទៅកាន់​ឧត្តរទិស ដើរចេញ​ទៅ។
ថយ | ទំព័រទី ៥៤ | បន្ទាប់
ID: 637642212858575974
ទៅកាន់ទំព័រ៖