ព្រះត្រៃបិដក ភាគ ៧៣

រហោស​ញ្ញិ​កត្ថេ​រាប​ទាន ទី៥


 [៣៥] មាន​ភ្នំ​មួយ​ឈ្មោះ​វស​ភៈ នៅ​ជិត​ព្រៃ​ហិមពាន្ត ខ្ញុំ​សាង​អាស្រម នៅ​នា​ជើងភ្នំ​នោះ។ កាលនោះ​ខ្ញុំ​ជា​ព្រាហ្មណ៍ បាន​បង្រៀន​សិស្ស​បី​ពាន់​នាក់ លុះ​បង្រៀន​សិស្ស​ទាំងនោះ​រួចហើយ ក៏​ចូល​ទៅកាន់​ទីសម​គួរ។ លុះ​ព្រាហ្មណ៍ គឺ​ខ្ញុំ​នេះឯង ជា​អ្នកចេះ​ចប់​មន្ត អង្គុយ​ក្នុង​ទីសម​គួរ​ហើយ ស្វែងរក​មើល​ភេទ​របស់​ព្រះពុទ្ធ ក៏បាន​ញ៉ាំង​ចិត្ត​ឲ្យ​ជ្រះថ្លា​ក្នុង​ញាណ។ លុះ​ខ្ញុំ​ញ៉ាំង​ចិត្ត​ឲ្យ​ជ្រះថ្លា ក្នុង​ញាណ​នោះ​រួចហើយ ក៏​អង្គុយ​លើ​កម្រាល​ស្លឹកឈើ ពែនភ្នែន​ធ្វើ​មរណកាល​ក្នុង​ទីនោះ។ ក្នុង​កប្ប​ទី ៣១ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ដល់​នូវ​សេចក្តី​សម្គាល់ (ក្នុង​ញាណ) ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ញាណ​សញ្ញា។ ក្នុង​កប្ប​ទី ២៧ អំពី​កប្ប​នេះ ខ្ញុំ​កើតជា​ស្តេច​ចក្រពត្តិ ព្រះនាម​សិរី​ធរៈ ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
ថយ | ទំព័រទី ៥៧ | បន្ទាប់
ID: 637642214343732157
ទៅកាន់ទំព័រ៖