ព្រះត្រៃបិដក ភាគ ៧៣

មុ​ដ្ឋិ​បុប្ផិ​យត្ថេ​រាប​ទាន ទី៥


 [៥] ក្នុង​កាលនោះ ខ្ញុំ​កើតជា​អ្នក​ក្រងផ្កា ឈ្មោះ​សុ​ទស្សនៈ បានឃើញ​ព្រះពុទ្ធ ព្រះអង្គ​ប្រាសចាក​ធូលី​គឺ​រាគៈ ជា​ច្បង​ក្នុង​លោក ទ្រង់​ប្រសើរ​ជាង​ពួក​នរៈ។ ខ្ញុំ​កាន់​យក​ផ្កាម្លិះ​បូជា​ចំពោះ​ព្រះ​បទុមុ​ត្ត​រៈ ខ្ញុំ​មាន​ចក្ខុ​ស្អាត មានចិត្ត​រីករាយ បានសម្រេច​ទិព្វចក្ខុ។ ខ្ញុំ​មិនដែល​ទៅកាន់​ទុគ្គតិ​អស់ ១ សែន​កប្ប ដោយ​ពុទ្ធបូជា​នេះ​ផង ដោយ​ការ​តម្កល់ចិត្ត​ផង។ ក្នុង​កប្ប​ទី ៣៦ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រ​ពតិ្ត ១៦ ជាតិ ព្រះនាម​ទេ​វុត្ត​រៈ​ដូចគ្នា មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិ​បតិ្តហើយ។
 បានឮ​ថា ព្រះ​មុ​ដិ្ឋ​បុប្ផិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​ហើយ​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ មុ​ដ្ឋិ​បុប្ផិ​យត្ថេ​រាប​ទាន។

ថយ | ទំព័រទី ៦ | បន្ទាប់
ID: 637642197696831328
ទៅកាន់ទំព័រ៖