ព្រះត្រៃបិដក ភាគ ៧៣

សាល​ទាយ​កត្ថេ​រាប​ទាន ទី៩


 [៣៩] គ្រានោះ ខ្ញុំ​កើតជា​កេសរ​មិគរាជ ជា​អភិជាត កំពុង​ស្វែងរក​ភ្នំ ដែលគេ​ទៅ​បាន​ដោយ​កម្រ ក៏បាន​ឃើញ​ព្រះ​លោកនាយក (ទើប​គិតថា) ឱហ្ន៎ ព្រះ​មហា​វីរៈ​នេះ​ហើយ ទ្រង់​ញ៉ាំង​មហាជន ឲ្យ​រលត់ទុក្ខ បើ​ដូច្នោះ គួរ​អាត្មាអញ​ចូល​ទៅ​អង្គុយ​ជិត​ព្រះពុទ្ធ​នេះ ព្រះអង្គ​ជា​ទេវតា​របស់​ទេវតា ជា​នរាសភៈ។ ទើប​ខ្ញុំ​កាច់​យក​មែក​រាំង ព្រមទាំង​ចង្កោម​ផ្កា ចូល​ទៅ​គាល់​ព្រះសម្ពុទ្ធ ហើយ​ថ្វាយ​ផ្កាដ​៏​ប្រសើរ។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​បុប្ផ​ទាន។ ក្នុង​កប្ប​ទី ៩ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ ៣ ជាតិ ព្រះនាម​វិរោចនៈ​ដូចគ្នា ទ្រង់​មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​សាល​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សាល​ទាយ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ៦២ | បន្ទាប់
ID: 637642216066857107
ទៅកាន់ទំព័រ៖