ព្រះត្រៃបិដក ភាគ ៧៣
បានឮថា ព្រះពន្ធុជីវកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ពន្ធុជីវកត្ថេរាបទាន។
តម្ពបុប្ផិយត្ថេរាបទាន ទី២
[៥២] ខ្ញុំប្រកបក្នុងការងាររបស់ជនដទៃ បានធ្វើនូវកំហុស ជាអ្នកពេញប្រៀបដោយភ័យ និងពៀរ ហើយក៏ស្ទុះរត់ទៅពួនក្នុងទីព្រៃ។ ខ្ញុំឃើញដើមឈើ ដែលមានផ្ការីកស្គុះស្គាយ ចងជាចង្កោម ដែលធម្មតានិម្មិតល្អហើយ កាន់យកនូវផ្កាក្រហមរោយរាយចុះទៀបពោធិព្រឹក្ស។ ខ្ញុំបោសដើមច្រនៀង ជាឈើដ៏ឧត្តម ជាពោធិព្រឹក្សនោះ ហើយចូលទៅជិតគល់ពោធិព្រឹក្ស អង្គុយផ្គត់ភ្នែន។ កាលពួកជនស្វែងរកផ្លូវដែលខ្ញុំទៅ ក៏មកកាន់សំណាក់ខ្ញុំ លុះខ្ញុំឃើញនូវពួកជនទាំងនោះ ក៏នឹកដល់ពោធិព្រឹក្សដ៏ឧត្តម ក្នុងទីនោះ។ ខ្ញុំមានចិត្តជ្រះថ្លា ថ្វាយបង្គំដើមពោធិព្រឹក្ស រួចហើយក៏ធ្លាក់ទៅក្នុងជ្រោះភ្នំដែលគួរខ្លាច មានជម្រៅច្រើនជួរដើមត្នោត។
ID: 637642222021714804
ទៅកាន់ទំព័រ៖