ព្រះត្រៃបិដក ភាគ ៧៤
បព្ភារទាយកត្ថេរាបទាន ទី១០
[១០] ខ្ញុំបានសំអាតញកថ្វាយព្រះមានព្រះភាគ ព្រះនាមបិយទស្សី ព្រះអង្គប្រកបដោយតាទិគុណ ទាំងបានតម្កល់ទុកនូវក្អមទឹកសម្រាប់ប្រើប្រាស់។ ព្រះពុទ្ធជាមហាមុនី ព្រះនាមបិយទស្សី ទ្រង់ព្យាកររឿងនោះប្រាប់ខ្ញុំថា ប្រាសាទជាវិការៈនៃកែវមណីខៀវ មានកម្ពស់មួយពាន់សង្កាត់ព្រួញ(១) មានជាន់ច្រើន បរិបូណ៌ដោយទង់នោះផង រតនៈដ៏ច្រើនផង នឹងកើតឡើងសម្រាប់អ្នក ខ្ញុំបានថ្វាយញកជាទាន ហើយខ្ញុំបានរីករាយក្នុងឋានសួគ៌អស់មួយកប្ប។ ក្នុងកប្បទី ៣២ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមសុពុទ្ធៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
(១) ព្រួញដែលបាញ់ឡើងទៅអស់សន្ទុះ ហើយធ្លាក់ចុះមកវិញ ហៅថា មួយសង្កាត់ព្រួញ។ អដ្ឋកថា។
ID: 637643021816848288
ទៅកាន់ទំព័រ៖