ព្រះត្រៃបិដក ភាគ ៧៤
ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ល្អណាស់ហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយដោយលំដាប់ សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលចេញហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចដំរីកាត់នូវចំណង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះលពុជទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ លពុជទាយកត្ថេរាបទាន។
ឧទុម្ពរផលទាយកត្ថេរាបទាន ទី៣
[៨៣] ព្រះពុទ្ធជាបុរសខ្ពង់ខ្ពស់ គង់នៅទៀបឆ្នេរស្ទឹងនិន្នគា ខ្ញុំបានឃើញព្រះពុទ្ធ ព្រះអង្គប្រាសចាកធូលីគឺរាគៈ មានព្រះហឫទ័យតម្កល់មាំ មានអារម្មណ៍តែមួយ។ ខ្ញុំមានចិត្តជ្រះថ្លា ចំពោះព្រះសម្ពុទ្ធនោះ ព្រះអង្គលាងមន្ទិលគឺកិលេស ខ្ញុំក៏បានយកផ្លែឧទុម្ពរ ថ្វាយដល់ព្រះសម្ពុទ្ធដ៏ប្រសើរ។
ID: 637643070614977979
ទៅកាន់ទំព័រ៖