ព្រះត្រៃបិដក ភាគ ៧៤

វល្លិ​ផល​ទាយ​កត្ថេ​រាប​ទាន ទី៦


 [៨៦] ក្នុង​កាលនោះ ជន​ទាំងពួង​មក​ប្រជុំ​គ្នា​ក្នុង​ព្រៃ ជន​ទាំងឡាយ​នោះ បាន​នាំគ្នា​ស្វែងរក​ផ្លែឈើ ក៏បាន​នូវ​ផ្លែឈើ។ ក្នុង​កាលនោះ ខ្ញុំ​បានឃើញ​ព្រះសម្ពុទ្ធ ព្រះអង្គ​ត្រាស់​ដឹង​ឯង ទ្រង់​ឈ្នះ​កិលេស ក្នុង​ទីនោះ ខ្ញុំ​ក៏​មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ បាន​ថ្វាយ​ផ្លែ​វល្លិ។ ក្នុង​កប្ប​ទី ៣១ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ផ្លែ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ផល​ទាន។ ឱ! ដំណើរ​ដែល​ខ្ញុំ​មក​ក្នុង​សំណាក់​ព្រះពុទ្ធ​របស់ខ្ញុំ ល្អ​ណាស់​ហ្ន៎ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ​ដោយលំដាប់ ពុទ្ធសាសនា ខ្ញុំ​ក៏បាន​ធ្វើ​ហើយ។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងពួង ខ្ញុំ​ដក​ចោលចេញ​ហើយ ខ្ញុំ​ជា​បុគ្គល​មិន​មាន​អាសវៈ ដូចជា​ដំរី​កាត់​នូវ​ចំណង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
ថយ | ទំព័រទី ១១៨ | បន្ទាប់
ID: 637643071817634106
ទៅកាន់ទំព័រ៖