ព្រះត្រៃបិដក ភាគ ៧៤

ដោយ​កុសល​មូល​នោះ​ឯង ខ្ញុំ​អន្ទោល​ទៅ​កើតជា​ទេវតា និង​មនុស្ស បាន​ធ្វើបុណ្យ ហើយ​រុងរឿង​អស់ ៩០ កប្ប។ ក្នុង​ភព​ជាទីបំផុត​នេះ ខ្ញុំ​បាន​កើតជា​បុត្ត​ឯក របស់​សេដ្ឋី​ដ៏​ប្រសើរ​ក្នុង​ក្រុង​ចម្បា ដោយ​សំណល់​នៃ​បុញ្ញកម្ម​នោះ។ ឆន្ទៈ​របស់​បិតា​នៃ​ខ្ញុំ​នេះ បាន​កើតឡើង​ថា អាត្មាអញ​នឹង​ឲ្យ​ដល់​កុមារ​នូវ​ទ្រព្យ ២០ កោដិ មិន​ឲ្យខ្វះ​ខាត ព្រោះ​ឮថា ខ្ញុំ​កើត​ហើយ។ រោម​ទាំងឡាយ​នៃ​ខ្ញុំ ប្រវែង ៤ ធ្នាប់ ដុះ​ត្រង់​ផ្ទៃ​នៃ​បាតជើង​ទាំងគូ ជា​រោម​ល្អិត មាន​សម្ផ័​ស្ស​ទន់​ល្អ​ដូច​ប៉ុយគរ។ កន្លងទៅ ៩១ កប្ប​នឹង​កប្ប​នេះ​ហើយ ខ្ញុំ​មិនដែល​ស្គាល់​ដាក់​ជើង​ជាន់លើ​ទី​ដែលគេ​មិន​ក្រាល​ឡើយ។ ខ្ញុំ​បាន​ឲ្យ​ព្រះសម្ពុទ្ធ​ទ្រង់​ប្រោសប្រាណ ខ្ញុំ​បាន​ចូល​ទៅកាន់​ផ្នួស ខ្ញុំ​បាន​ដល់​ព្រះ​អរហត្ត​ហើយ ខ្ញុំ​ជា​បុគ្គល​មាន​សេចក្តី​ត្រជាក់​ត្រជុំ​កើតឡើង​ហើយ ជា​បុគ្គល​មានទុក្ខ​រំលត់​អស់ហើយ។ ព្រះសម្ពុទ្ធ​ព្រះអង្គ​យល់ឃើញ​សព្វ បាន​សម្តែង​ថា បណ្តា​បុគ្គល​ដែល​មាន​ព្យាយាម​ប្រារព្ធ​ដ៏​ប្រសើរ ខ្ញុំ​នេះ​ជា​បុគ្គល​មាន​អាសវៈ​អស់ហើយ ជា​ព្រះអរហន្ត បាន​អភិញ្ញា ៦ មាន​ឫទ្ធិ​ដ៏​ច្រើន។
ថយ | ទំព័រទី ១២២ | បន្ទាប់
ID: 637643073140290317
ទៅកាន់ទំព័រ៖