ព្រះត្រៃបិដក ភាគ ៧៤
បុព្វកម្មបិលោតិ នាម ពុទ្ធាបទាន ទី១០
[៩០] ព្រះលោកនាយក មានភិក្ខុសង្ឃច្រើនចោមរោម ទ្រង់គង់លើផ្ទៃនៃថ្ម ជាទីរីករាយ ជិតស្រះអនោតត្ត រុងរឿងដោយរតនៈផ្សេងៗ ក្នុងចន្លោះនៃព្រៃ មានក្លិនផ្កាផ្សេងៗ ទ្រង់ព្យាករនូវបុព្វកម្មរបស់ព្រះអង្គ ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវអំពើរបស់តថាគតដែលបានធ្វើទុកមកហើយ ដូចតទៅនេះ តថាគតបានឃើញនូវភិក្ខុមួយរូបនៅក្នុងព្រៃ ហើយបានប្រគេនកំណាត់សំពត់។ ក្នុងកាលនោះ តថាគតបានប្រាថ្នាជាព្រះសម្ពុទ្ធជាដំបូងដើម្បីការត្រាស់ដឹង ឯសេចក្តីប្រាថ្នានោះ ក៏ឲ្យផលក្នុងការបានត្រាស់ជាព្រះពុទ្ធ ដោយអំណាចនៃបិលោតិកម្ម។ ក្នុងកាលមុន តថាគតកើតជានាយគោបាល កៀងមេគោទៅកាន់ទីគោចរ បានឃើញមេគោកំពុងផឹកទឹកល្អក់ ហើយដេញចេញ។ ដោយវិបាកនៃកម្មនោះ ក្នុងបច្ឆិមភពនេះ តថាគតស្រេកទឹក ហើយមិនបានផឹកដូចសេចក្តីប្រាថ្នា។
ID: 637643073669821934
ទៅកាន់ទំព័រ៖