ព្រះត្រៃបិដក ភាគ ៧៤
កាលពីជាតិមុន តថាគតកើតជាហ្មដំរី បានបរដំរីបំព្រេចព្រះបច្ចេកមុនីដ៏ឧត្តម ព្រះអង្គកំពុងត្រាច់ទៅដើម្បីបិណ្ឌបាត។ ដោយវិបាកនៃកម្មនោះ ដំរីនាឡាគិរីចុះប្រេងកាច ចូលមកព្រេចតថាគតក្នុងគិរិព្វជបុរីដ៏ប្រសើរ (រាជគហៈ)។ តថាគតកើតជាសេ្តច ឈ្មោះបត្តិកៈ បានយកលំពែងសម្លាប់បុរសទាំងឡាយ ដោយវិបាកនៃកម្មនោះ តថាគតឆេះក្នុងភ្លើងនរកក្លាខ្លាំង។ ដោយសំណល់នៃកម្មនោះ ក្នុងកាលឥឡូវនេះ កម្មវិបាកនោះ ក៏ធ្វើឲ្យរបកស្បែងជើងទាំងអស់របស់តថាគត ព្រោះថាកម្មនៅតែមិនទាន់វិនាស។ តថាគតកើតជាទារក នៃព្រានត្រី ក្នុងកេវដ្តគ្រាម បានឃើញពួកជនអ្នកសម្លាប់ត្រី ក៏កើតសោមនស្ស។ ដោយវិបាកនៃកម្មនោះ សេ្តចវិដដុភៈ សម្លាប់ពួកសក្យៈ ក្នុងកាលណា ទុក្ខក្នុងក្បាលក៏មានដល់តថាគត (ក្នុងកាលនោះ) ព្រោះពួកសក្យៈត្រូវគេសម្លាប់។ តថាគតបានពោលផ្តន្ទានូវពួកសាវ័កក្នុងសាសនានៃព្រះពុទ្ធព្រះនាមផុស្សៈថា ចូរលោកទាំងឡាយ ទំពារស៊ីបរិភោគនូវបាយដំណើបចុះ កុំបរិភោគនូវបាយស្រូវសាលីឡើយ។
ID: 637643074301227771
ទៅកាន់ទំព័រ៖