ព្រះត្រៃបិដក ភាគ ៧៤

ខ្ញុំ​បាន​ញុំាង​ភាជន៍​ទាំងអស់​ឲ្យ​ពេញដោយ​លំពាន់​ស្បូវភ្លាំង ឈើ​ឯម ដីប្លី និង​ម្រេច សម៉ ខ្ញី។ ខ្ញុំ​ឲ្យ​គេ​ធ្វើ​ស្បែកជើង ទ្រនាប់ជើង សំពត់​សម្រាប់​ជូត​ទឹក និង​ឈើច្រត់ ដែលគេ​ធ្វើល្អ ឲ្យ​សមគួរ​ដល់​វត្ថុ​នោះ។ (ខ្ញុំ​ឲ្យ​គេ​ធ្វើ) នូវ​ថ្នាំ​ឱសថ ថ្នាំ​បន្តក់​ភ្នែក ចង្កើះ ធម្ម​ក្រក​ដ៏​ប្រសើរ កូនសោ និង​ប្រអប់​កូនសោ ដែល​បុគ្គល​ដេរ​ដោយ​ចេស​មាន​ពណ៌ ៥។ ខ្ញុំ​ឲ្យ​គេ​ធ្វើ​នូវ​សំពត់​អាយោគ ខ្សៀ ជើង​ប្រទីប ល័ក្កចាន់ និង​ដប ឲ្យ​សមគួរ​ដល់​វត្ថុ​នោះ។ ខ្ញុំ​បាន​ឲ្យ​គេ​ធ្វើ​នូវ​ចន្ទាស កាំបិត​កាត់​ក្រចក កង្វារត្រចៀក និង​ថង់យាម​ដាក់​ភេសជ្ជៈ ឲ្យ​សមគួរ​ដល់​វត្ថុ​នោះ។ ខ្ញុំ​បាន​ឲ្យ​គេ​ធ្វើ​នូវ​គ្រែ​ដ៏​វិសេស តាំង និង​បល្ល័ង្ក សុទ្ធតែ​មាន​ជើង ៤ ឲ្យ​សមគួរ​ដល់​វត្ថុ​នោះ ហើយ​ឲ្យ​ទុក​ក្នុង​ទី​ខាងក្រោម​ឆត្រ។ ខ្ញុំ​បាន​ឲ្យ​គេ​ធ្វើ​នូវ​ពូក​ញាត់​ដោយ​រោម ពូក​ញាត់​ដោយ​សំឡី ពូក​ដេរ​ភ្ជាប់នឹង​តាំង នឹង​ខ្នើយ​ដែលគេ​ធ្វើល្អ ឲ្យ​សមគួរ​ដល់​វត្ថុ​នោះ។ ខ្ញុំ​ឲ្យ​គេ​ធ្វើ​នូវ​កុរុ​វិន្ទៈ គឺ​ខ្សែ​សម្រាប់​ដុសក្អែល ក្រមួនឃ្មុំ ជើងក្រាន​ដុត​ប្រេង​សំរាប់​កំ​ដៅ​ដៃ និង​គ្រែ​សិវេ​ដិ​ផល​កៈ​ដ៏​ស្អាត ព្រមទាំង​កម្រាល។
ថយ | ទំព័រទី ១៣២ | បន្ទាប់
ID: 637643075661696559
ទៅកាន់ទំព័រ៖