ព្រះត្រៃបិដក ភាគ ៧៤

យើង​ទាំងពីរ​នាក់ ជា​សាធារណៈ ប្រព្រឹត្តទៅ​តាម​គ្នា​ក្នុង​សុខ និង​ទុក្ខ បពិត្រ​ព្រះអង្គ​អ្នក​ទូន្មាន​សត្រូវ សេចក្តី​ទុក្ខ​ប្រព្រឹត្តទៅ​ក្នុងចិត្ត មានព្រះអង្គ​ជាទី​តាំង។ បពិត្រ​ព្រះ​បរម​ក្សត្រ បើ​ព្រះអង្គ​អាច ក៏​សូម​បន្ទោបង់​សេចក្តី​ទុក្ខ​នោះ​ចុះ សេចក្តី​ទុក្ខ​របស់​ព្រះអង្គ ក៏ដូចជា​ទុក្ខ​របស់ខ្ញុំ ចិត្ត​របស់​យើង​ទាំងពីរ​នាក់ រមែង​មាន​ក្នុង​ទី​ដូចគ្នា។ បើ​ព្រះអង្គ​ជ្រាប​ស្រេចហើយ ព្រះអង្គ​គប្បី​ដោះទុក្ខ​នោះ​ចេញ បពិត្រមហារាជ សូម​ព្រះ​អង្គ​ជា្រ​បនូវ​ទុក្ខ ដែល​ខ្ញុំ​ព្រះអង្គ​បន្ទោបង់​បាន​ដោយ​ក្រ​ចុះ។ សូម​ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​មើល តើ​ទ្រព្យ​ទាំងប៉ុន្មាន​ក្នុង​ដែន និង​ជីវិត​ទាំងប៉ុន្មាន​របស់ខ្ញុំ ទ្រព្យ​នុ៎ះឯង ព្រះអង្គ​លះបង់​បាន​ដោយ​កម្រ​ឬទេ។ បើ​ព្រះអង្គ​មាន​សេចក្តី​ត្រូវការ​ដោយ​ទ្រព្យ និង​ជីវិត​នុ៎ះ ខ្ញុំ​ព្រះអង្គ​នឹង​ថ្វាយ​ដោយ​ឥត​ញាប់ញ័រ បពិត្រ​ព្រះ​សម្មតិទេព ព្រះអង្គ​ធ្លាប់​មាន​បន្ទូល​នឹង​ខ្ញុំ​មក​ហើយ តែ​ព្រះបន្ទូល​នោះ ច្រើនតែ​ខុស។ ខ្ញុំ​នឹង​ដឹង​នូវ​ព្រះអង្គ​ដែល​ឋិតនៅ​ក្នុង​ធម៌​ទាំងពួង​ក្នុងថ្ងៃនេះ ព្រះអង្គ​តែង​បៀត​បៀត​ចំពោះ​ខ្ញុំ ដែល​ជា​អ្នកឲ្យ​ទាន​ខ្លាំងពេក។
ថយ | ទំព័រទី ១៣៤ | បន្ទាប់
ID: 637643076106384056
ទៅកាន់ទំព័រ៖