ព្រះត្រៃបិដក ភាគ ៧៤

ព្រះអង្គ​មានប្រយោជន៍​អ្វី ដោយ​ការចរចា​គ្នា សូម​ព្រះអង្គ​ប្រាប់​ខ្ញុំ នូវ​ហេតុ​ដែល​ព្រះអង្គ​ប្រាថ្នា​ចុះ បពិត្រមហារាជ ឯខ្ញុំ​ព្រះអង្គ​ចង់បាន​ព្រះពុទ្ធ ជា​បុគ្គល​ប្រសើរ​ខ្ពង់ខ្ពស់។ ខ្ញុំ​នឹង​ញុំាង​ព្រះសម្ពុទ្ធ​ឲ្យ​ឆាន់ សូមកុំ​ឲ្យ​ជីវិត​របស់ខ្ញុំ​មានទោស​ឡើយ ខ្ញុំ​ថ្វាយ​ពរ​ដទៃ​ដល់​ព្រះអង្គ​ថា ព្រះ​តថាគត​មិន​ត្រូវ​អ្នកណា​និមន្ត​ឡើយ។ ព្រះពុទ្ធ​ដូចជា​កែវ​មណិជោតិរស មិន​ត្រូវឲ្យ​ដល់​អ្នកណាមួយ​ទេ បពិត្រ​ព្រះ​សម្មតិទេព ក្រែង​ព្រះអង្គ​ធ្លាប់​មាន​ព្រះបន្ទូល​ហើយ​ថា ជីវិត​មានប្រយោជន៍​ជាដរាប។ ព្រះអង្គ​កាល​ឲ្យ​នូវ​ជីវិត គួរឲ្យ​ព្រះ​តថាគត​ដល់​ខ្ញុំ ព្រះ​ជិនស្រី​ជាម​ហា​វីរបុរស ដែលគេ​ត្រូវតែ​តម្កល់ទុក មិន​ត្រូវឲ្យ​ដល់​បុគ្គល​ណាមួយ​ឡើយ។ ព្រះពុទ្ធ ខ្ញុំ​មិនទាន់​ទទួល​ទេ សូម​ព្រះអង្គ​ទទួល​ទ្រព្យ ដែល​រាប់​មិនបាន​ចុះ ខ្ញុំ​ព្រះអង្គ​នឹង​ដល់​នូវ​ការវិនិច្ឆ័យ និង​សួរ​ក្នុង​ទី​វិនិច្ឆ័យ។ ពួក​តុលាការ​នឹង​ពោល​នូវ​ពាក្យ​ដ៏​ល្អិត យ៉ាងណា ខ្ញុំ​នឹង​សួរ​តប​ពាក្យ​នោះ យ៉ាងនោះ ខ្ញុំ​ចាប់​ព្រះហស្ត​ព្រះរាជា ដើរទៅ​កាន់​ទី​វិនិច្ឆ័យ។
ថយ | ទំព័រទី ១៣៥ | បន្ទាប់
ID: 637643076309509028
ទៅកាន់ទំព័រ៖