ព្រះត្រៃបិដក ភាគ ៧៤

សូម​ព្រះ​អង្គ​ញុំាង​ចិត្ត​របស់ខ្ញុំ​ឲ្យ​រីករាយ ហើយ​ស្តេច​ចូល​មកកាន់​និវេសន៍​របស់ខ្ញុំ។ ឯព្រះពុទ្ធ ព្រះ​នាម​បទុមុ​ត្ត​រៈ ព្រះអង្គ​ជ្រាប​ច្បាស់​នូវ​លោក ទ្រង់​គួរ​ទទួល​នូវ​ការ​បូជា ទ្រង់​មាន​ចក្ខុ ជ្រាប​សេចក្តី​ត្រិះរិះ​របស់ខ្ញុំ​ហើយ ក៏​ទទួល​និមន្ត។ ខ្ញុំ​ដឹង​នូវ​ការ​ទទួល​និមន្ត​ហើយ ទើប​ថ្វាយបង្គំលា​ព្រះ​សាស្តា។ ខ្ញុំ​មានចិត្ត​ត្រេកអរ រីករាយ​យ៉ាង​ក្រៃពេក ទើប​ចូល​ទៅកាន់​និវេសន៍ ប្រមូល​ពួក​មិត្ត និង​អាមាត្យ ហើយ​ពោល​ពាក្យ​នេះ​ថា ព្រះសម្ពុទ្ធ​ដូចជា​កែវ​មណិជោតិរស ដែលគេ​បាន​ដោយ​ក្រ​ក្រៃលែង ឥឡូវនេះ ខ្ញុំ​បាន​ហើយ ខ្ញុំ​នឹង​បូជា​ព្រះអង្គ​ដោយ​វត្ថុ​ដូចម្តេច ព្រោះ​ព្រះ​ជិនស្រី​ជា​អ្នកប្រាជ្ញ ប្រមាណ​មិនបាន មិន​មាន​បុគ្គល​ប្រៀបផ្ទឹម រក​បុគ្គល​ថ្លឹង​ផង​មិនបាន មិន​មាន​បុគ្គល​ស្មើ មិន​មាន​បុគ្គល​ប្រៀប​បាន ព្រះអង្គ​ស្មើដោយ​ព្រះពុទ្ធ​ដែល​មិន​មាន​បុគ្គល​ស្មើ​ដូចគ្នា ប្រសើរ​ជាង​ជន​ឥតមាន​បុគ្គល​ជាគម្រប់​ពីរ។ ពិត​ណាស់ ការ​កសាង​ដ៏​សមគួរ​ដល់​ព្រះពុទ្ធ យើង​ធ្វើ​បាន​ដោយ​ក្រ (ហេតុ​នោះ) យើង​ទាំងឡាយ ចូរ​ប្រមូល​ផ្កា​ផ្សេងៗ ធ្វើ​មណ្ឌប​ដោយ​ផ្កា។
ថយ | ទំព័រទី ១៣៨ | បន្ទាប់
ID: 637643077401384035
ទៅកាន់ទំព័រ៖