ព្រះត្រៃបិដក ភាគ ៧៤
បុប្ផជាតនុ៎ះ គឺផ្កាឧប្បល ផ្កាឈូក ផ្កាម្លិះរួត ផ្ការំដួល ជាផ្កាដ៏សមគួរដល់ព្រះពុទ្ធ នឹងបានឈ្មោះថា ជាគ្រឿងបូជាគ្រប់យ៉ាង។ ខ្ញុំបានឲ្យគេយកផ្កាចម្បា និងផ្កាខ្ទឹង ធ្វើជាមណ្ឌប ហើយក្រាលអាសនៈមួយសែន ក្នុងម្លប់ឆត្រ។ អាសនៈរបស់ខ្ញុំ ខាងក្រោយបង្អស់ ដល់នូវតម្លៃមួយរយកហាបណៈជាយ៉ាងក្រៃលែង ខ្ញុំក្រាលអាសនៈមួយសែន ក្នុងម្លប់ឆត្រ។ ខ្ញុំចាត់ចែងបាយ និងទឹករួចហើយ ទៅក្រាបទូលនូវភត្តកាល កាលដែលខ្ញុំក្រាបទូលភត្តកាលហើយ ព្រះមហាមុនី ព្រះនាមបទុមុត្តរៈ ទ្រង់ស្តេចចូលមកកាន់និវេសនដ្ឋានរបស់ខ្ញុំដែលបាំងឆត្រអំពីខាងលើ ក្នុងមណ្ឌបដែលធ្វើអំពីផ្ការីកដ៏ល្អ (ជាមួយ) នឹងពួកភិក្ខុមួយសែនអង្គ ជាអ្នកសង្រួមឥន្រ្ទិយ។ ព្រះពុទ្ធជាបុរសឧត្តម (ព្រមទាំង) ពួកភិក្ខុមួយសែនអង្គ ជាអ្នកសង្រួមឥន្រ្ទិយ ក៏គង់នៅគ្រប់ចំនួនឆត្រមួយសែន និងអាសនៈមួយសែន។ បពិត្រព្រះអង្គមានបញ្ញាចក្ខុ សូមព្រះអង្គទទួលកប្បិយវត្ថុ ដែលឥតទោស។ ឯព្រះបទុមុត្តរសម្ពុទ្ធ ជ្រាបច្បាស់នូវលោក ព្រះអង្គគួរទទួលនូវគ្រឿងបូជា
ID: 637643077649509052
ទៅកាន់ទំព័រ៖