ព្រះត្រៃបិដក ភាគ ៧៤

ភោជន​ទាយ​កត្ថេ​រាប​ទាន ទី២


 [១២] ព្រះ​ជិនស្រី ទ្រង់​មាន​ព្រះ​ជាតិ​ដ៏​ល្អ​ដូច​លំពង់​សាលព្រឹក្ស ទ្រង់​មាន​កម្ពស់​សម​ដូចដើម​ម្រុំ ទ្រង់​រុងរឿង​សព្វកាល​ដូច​លំពង់​ឥន្ទ​ព្រឹក្ស​ឰដ៏​អាកាស។ ខ្ញុំ​មានចិត្ត​ជ្រះថ្លា​បាន​ថ្វាយ​ភោជន ដល់​ព្រះ​វេស្សភូ​អង្គ​នោះ ដែល​ជា​ទេវតា​ក្រៃលែង​ជាង​ទេវតា ទ្រង់​ស្វែងរក​នូវ​គុណ​ដ៏​ធំ។ ព្រះពុទ្ធ​ជា​សយម្ភូ​ទ្រង់​ឈ្នះ​មារ ទ្រង់​អនុមោទនា​ភោជនទាន​របស់ខ្ញុំ​នោះ​ថា ផល​ចូរ​សម្រេច​ដល់​អ្នក ក្នុង​ភព​ដែល​អ្នក​កើត​ចុះ។ ក្នុង​កប្ប​ទី ៣១ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ទាន ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ភោជនទាន។ ក្នុង​កប្ប​ទី ២៥ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ​មួយ​អង្គ ព្រះនាម​អមិត្ត​កៈ ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
ថយ | ទំព័រទី ១៤ | បន្ទាប់
ID: 637643022833723253
ទៅកាន់ទំព័រ៖