ព្រះត្រៃបិដក ភាគ ៧៤

យាន​សេះ គ្រែស្នែង រថ​ទ្រង់គ្រឿង នឹង​បម្រើ​មាណព​នោះ​ជានិច្ច នេះ​ជា​ផល​នៃ​ទាន​ទាំងពួង។ រថ ៦ ម៉ឺន​ដែល​ស្អិតស្អាង​ដោយ​គ្រឿងអលង្ការ​គ្រប់មុខ នឹង​ចោមរោម​មាណព​នោះ​ជានិច្ច នេះ​ជា​ផល​នៃ​ទាន​ទាំងពួង។ តូរ្យតន្ត្រី ៦ ម៉ឺន និង​ស្គរ​ដែលគេ​តាក់តែង​ល្អ នឹង​ប្រគំ​ឲ្យ​មាណព​នោះ​ជានិច្ច នេះ​ជា​ផល​នៃ​ទាន​ទាំងពួង។ ពួក​នាង​នារី ៨ ម៉ឺន ៦ ពាន់​នាក់​ដែល​តាក់តែង​ល្អ មាន​សំពត់ និង​គ្រឿងប្រដាប់​ដ៏​វិចិត្រ ពាក់​កុណ្ឌល​នៃ​កែវមណី និង​កែវ​មុក្តា មានមុខ​ទូលាយ ស្រស់ស្រាយ មាន​ត្រគាក​ល្អ មាន​ចង្កេះ​រៀវ នឹង​ចោមរោម​មាណព​នោះ​ជានិច្ច នេះ​ជា​ផល​នៃ​ទាន​ទាំងពួង។ មាណព​នោះ នឹង​រីករាយ​ក្នុង​ទេវលោក អស់ ៣០ ពាន់​កប្ប នឹង​បាន​ជា​ព្រះ​ឥន្រ្ទ​សោយរាជ្យ​ក្នុង​ទេវលោក​មួយ​ពាន់​ដង នឹង​បាន​ជា​ស្តេច​ចក្រពត្តិ​មួយ​ពាន់​ដង នឹង​បាន​សោយ​ប្រទេស​រាជ្យ​ដ៏​ធំ​ទូលាយ ដែល​រាប់​បាន​មួយ​អសង្ខេយ្យ​កប្ប កាល​មាណព​នោះ​នៅក្នុង​ទេវលោក ជា​អ្នក​ព្រមព្រៀង​ដោយ​បុញ្ញកម្ម។
ថយ | ទំព័រទី ១៤១ | បន្ទាប់
ID: 637643078122946927
ទៅកាន់ទំព័រ៖