ព្រះត្រៃបិដក ភាគ ៧៤
ខ្ញុំជាអ្នកបាននូវបាយ ទឹក សំពត់ និងទីដេក ១ ភោគៈទាំងឡាយរបស់ខ្ញុំ មិនដែលវិនាសបាត់ ១ ខ្ញុំមានចិត្តខ្ជាប់ខ្ជួន ១។ មិនតែប៉ុណ្ណោះ ខ្ញុំជាអ្នកពេញចិត្តនឹងធម៌គ្រប់កាល មិនមានកិលេស មិនមានអាសវៈ គុណធម៌ទាំងនេះ ជាប់តាមហើយក្នុងទេវលោក ទាំងក្នុងមនុស្សលោក។ គុណធម៌ទាំងឡាយ ជាប់ដោយចំណងគឺចិត្ត រមែងមិនលះបង់ខ្ញុំក្នុងទីទាំងពួង ដូចស្រមោលមិនលះបង់រូប។ ព្រោះតែខ្ញុំបានថ្វាយកាំបិតព្រាជាច្រើនដែលខ្ញុំធ្វើល្អហើយ ដល់ព្រះពុទ្ធដ៏ប្រសើរ និងព្រះសង្ឃ ទើបបានអានិសង្ស ៨ ប្រការ ដ៏សមគួរដល់អំពើរបស់ខ្ញុំ គឺ ខ្ញុំជាអ្នកក្លៀវក្លា ១ អង់អាច ១ មានបារមីក្នុងធម៌ជាគ្រឿងក្លៀវក្លា ១ ខ្ញុំមានព្យាយាមខ្ជាប់ខ្ជួន ១ មានចិត្តផ្គងទុកគ្រប់កាល ១ ខ្ញុំរមែងបាននូវញាណជាគ្រឿងកាត់បង់នូវកិលេស ១ ញាណដ៏សុខុម ១ ញាណដ៏ស្អាត ឥតមានអ្វីថ្លឹងស្មើក្នុងទីទាំងពួង ១ ដោយអានិសង្សនៃកាំបិតព្រារបស់ខ្ញុំនោះ។
ID: 637643079034196597
ទៅកាន់ទំព័រ៖