ព្រះត្រៃបិដក ភាគ ៧៤

ព្រោះតែ​ខ្ញុំ​មានចិត្ត​ជ្រះថ្លា បាន​ថ្វាយ​កាំបិត​ជាច្រើន ជា​កាំបិត​មិន​រឹង មិន​អាក្រក់ មិនបាច់​សំលៀង ចំពោះ​ព្រះពុទ្ធ និង​ព្រះសង្ឃ ទើបបាន​អានិសង្ស ៥ ប្រការ ដ៏​សមគួរ​ដល់​អំពើ​របស់ខ្ញុំ គឺ ខ្ញុំ​បាន​កល្យាណមិត្រ ១ សេចក្តី​ព្យាយាម ១ កាំបិត​គឺ​ខន្តី និង​មេត្រី ១ កាំបិត​គឺ​ប្រាជ្ញា​ដ៏​ប្រសើរ ព្រោះ​កាត់​នូវ​សរ​គឺ​តណ្ហា ១ ញាណ​ស្មើដោយ​កែវ​វជីរ ១ ដោយ​អានិសង្ស​នៃ​កាំបិត​ទាំងនោះ។ ព្រោះតែ​ខ្ញុំ​បាន​ថ្វាយ​នូវ​ម្ជុល​ទាំងឡាយ ចំពោះ​ព្រះ​សុគត និង​ព្រះសង្ឃ​ជា​គណៈសង្ឃ​ខ្ពង់ខ្ពស់ ទើបបាន​អានិសង្ស ៥ ប្រការ ដ៏​សមគួរ​ដល់​អំពើ​របស់ខ្ញុំ គឺ​ខ្ញុំ​គួរ​គេ​នមស្ការ អាច​កាត់សេចក្តី​សង្ស័យ ១ មាន​រូបល្អ មាន​ភោគ​សម្បត្តិ ១ កាល​អន្ទោល​ទៅ​ក្នុង​ភព​តូច​ធំ ជា​អ្នកមាន​បញ្ញា​មុត​គ្រប់​កាល​ទាំងពួង ១ ខ្ញុំ​ឃើញ​នូវ​អត្ថ​ដ៏​ជ្រាលជ្រៅ និង​ហេតុ​ដ៏​ល្អិត​ដោយ​ញាណ ១ ញាណ​របស់ខ្ញុំ​ស្មើដោយ​ចុង​នៃ​កែវ​វជីរ សម្រាប់​កំចាត់​នូវ​ងងឹត ១។
ថយ | ទំព័រទី ១៤៦ | បន្ទាប់
ID: 637643079240602801
ទៅកាន់ទំព័រ៖