ព្រះត្រៃបិដក ភាគ ៧៤

ព្រោះតែ​ខ្ញុំ​បាន​ថ្វាយ​នូវ​កាំបិត​កាត់​ក្រចក ចំពោះ​ព្រះ​សុគត និង​ព្រះសង្ឃ​ជា​គណៈសង្ឃ​ខ្ពង់ខ្ពស់ ទើបបាន​អានិសង្ស ៥ ប្រការ ដ៏​សមគួរ​ដល់​អំពើ​របស់ខ្ញុំ គឺ ខ្ញុំ​បាន​នូវ​ខ្ញុំប្រុស ខ្ញុំស្រី ១ គោ និង​សេះ ១ អ្នករបាំ​ជា​អ្នកបម្រើ​ច្រើន​អ្នក ១ ជាង​កំណោរ ១ អ្នក​គ្រួ​ជា​អ្នកធ្វើបាយ ក្នុង​ទី​ទាំងពួង ១។ ព្រោះតែ​ខ្ញុំ​បាន​ថ្វាយ​ផ្លិត​សម្រាប់​បក់ និង​ផ្លិត​ស្លឹកត្នោត​ដ៏​ល្អ ចំពោះ​ព្រះ​សុគត ទើបបាន​អានិសង្ស ៨ ប្រការ ដ៏​សមគួរ​ដល់​អំពើ​របស់ខ្ញុំ គឺ​ខ្ញុំ​មិន​ស្គាល់​នូវ​ត្រជាក់ និង​ក្តៅ ១ មិន​មាន​សេចក្តី​អន្ទះអន្ទែង ១ មិន​ស្គាល់​នូវ​សេចក្តី​ក្រវល់ក្រវាយ ជា​គ្រឿង​ញុំាង​ចិត្ត​ខ្ញុំ​ឲ្យ​ក្តៅ ១ ភ្លើង​ទាំងពួង​របស់ខ្ញុំ គឺ​ភ្លើង​រាគៈ ១ ភ្លើង​គឺ​ទោសៈ ១ ភ្លើង​មោហៈ ១ ភ្លើង​គឺ​មានះ ១ ភ្លើង​គឺ​ទិដ្ឋិ ១ ក៏​រលត់​អស់ហើយ ដោយ​អានិសង្ស​នៃ​ការ​ថ្វាយ​ផ្លិត​របស់ខ្ញុំ​នោះ។ ព្រោះតែ​ខ្ញុំ​បាន​ថ្វាយ​ផ្លិត​ស្លាប​ក្ងោក និង​ផ្លិត​ចាមរី ចំពោះ​ព្រះសង្ឃ​ជា​គណៈសង្ឃ​ខ្ពង់ខ្ពស់ ទើប​ជា​អ្នកមាន​កិលេស​ស្ងប់​រម្ងាប់ មិន​មាន​ទីទួល គឺ​កិលេស។
ថយ | ទំព័រទី ១៤៧ | បន្ទាប់
ID: 637643079447947263
ទៅកាន់ទំព័រ៖