ព្រះត្រៃបិដក ភាគ ៧៤
កើតអំពីឥរិយាបថ ១ ដោយអានិសង្សនៃបំពង់ម្ជុលនោះ។ ព្រោះតែខ្ញុំបានថ្វាយសំពត់អង្សៈ ចំពោះព្រះជិនស្រី និងព្រះសង្ឃជាគណៈសង្ឃខ្ពង់ខ្ពស់ ទើបបានអានិសង្ស ៣ ប្រការ ដ៏សមគួរដល់អំពើរបស់ខ្ញុំ គឺខ្ញុំតែងបាននូវព្រះសទ្ធម្មដ៏មាំមួន ១ រលឹកឃើញនូវភពជាគម្រប់ពីរ ១ ជាអ្នកមានសម្បុរល្អក្នុងទីទាំងពួង ១ ដោយអានិសង្សនៃអង្សៈនោះ។ ព្រោះតែខ្ញុំបានថ្វាយវត្ថពន្ធចង្កេះ ចំពោះព្រះជិនស្រី និងព្រះសង្ឃជាគណៈសង្ឃខ្ពង់ខ្ពស់ ទើបបាននូវអានិសង្ស ៦ ប្រការដ៏សមគួរដល់អំពើរបស់ខ្ញុំ គឺខ្ញុំមិនញាប់ញ័រក្នុងសមាធិទាំងឡាយ ១ ជាអ្នកស្ទាត់ក្នុងសមាធិទាំងឡាយ ១ ជាអ្នកមានបរិស័ទមិនបែកខ្ញែក ១ ពាក្យសំដីខ្ញុំ គេតែងជឿស្តាប់សព្វកាល ១ ជាអ្នកមានសតិតាំងនៅមាំ ១ ខ្ញុំមិនមានសេចក្តីតក់ស្លុត ១ គុណធម៌ទាំងនេះ ជាប់តាមខ្ញុំទៅក្នុងទេវលោក និងមនុស្សលោក។ ព្រោះតែខ្ញុំបានថ្វាយនូវជើងបាត្រមានពណ៌ ៥ ចំពោះព្រះជិនស្រី និងព្រះសង្ឃជាគណៈសង្ឃខ្ពង់ខ្ពស់ ទើបជាអ្នកមិនមានភ័យ មិនញាប់ញ័រដោយហេតុណាមួយ។
ID: 637643079906227863
ទៅកាន់ទំព័រ៖