ព្រះត្រៃបិដក ភាគ ៧៤

គឺ​យាន​ដំរី យាន​សេះ គ្រែស្នែង និង​រថ​ទ្រង់គ្រឿង រថ ៦ ម៉ឺន តែង​ចោមរោម​ខ្ញុំ គ្រប់​កាល​ទាំងពួង ១ កាល​ខ្ញុំ​អន្ទោល​ទៅ​ក្នុង​ភព ទ្រនាប់ជើង​មាសប្រាក់ ជា​វិការៈ​កែវមណី ជា​វិការៈ​កែវ​ក្រហម តែង​កើតឡើង​គ្រប់​ជំហាន ១ (ទ្រនាប់ជើង​ទាំងនោះ) រមែង​នាំ​ខ្ញុំ​ឲ្យ​ស្ទុះ​ទៅ​កាន់​សម្មត្តនិយាម ជា​គ្រឿង​ជំរះ​នូវ​អាចារៈ និង​គុណធម៌ ១ ខ្ញុំ​រមែង​បាន​នូវ​គុណធម៌​ទាំងនេះ ដោយ​អានិសង្ស​នៃ​ការ​ថ្វាយ​ស្បែកជើង​នោះ។ ព្រោះតែ​ខ្ញុំ​បាន​ថ្វាយ​ទ្រនាប់ជើង ចំពោះ​ព្រះ​សុគត និង​ព្រះសង្ឃ​ជា​គណៈសង្ឃ​ខ្ពង់ខ្ពស់ ទើបបាន​ឡើង​កាន់​ទ្រនាប់ជើង​គឺ​ឫទ្ធិ​សម​តាមប្រាថ្នា។ ព្រោះតែ​ខ្ញុំ​បាន​ថ្វាយ​កន្សែងជូតមុខ​ចំពោះ​ព្រះ​សុគត និង​ព្រះសង្ឃ​ជា​គណៈសង្ឃ​ខ្ពង់ខ្ពស់ ទើបបាន​អានិសង្ស ៥ ប្រការ ដ៏​សមគួរ​ដល់​អំពើ​របស់ខ្ញុំ គឺ​ខ្ញុំ​មាន​វណ្ណៈ​ដូច​មាស ១ ប្រាសចាក​ធូលី ១ ប្រកបដោយ​រស្មី ១ មាន​តេជះ ១ ខ្លួនខ្ញុំ​ជិតស្និទ្ធ ផង់​ធូលី​មិន​ប្រឡាក់ ១។ ខ្ញុំ​បាន​នូវ​គុណធម៌​ទាំងនេះ ដោយ​អានិសង្ស​នៃ​ការ​ថ្វាយ​កន្សែងជូតមុខ​នោះ។
ថយ | ទំព័រទី ១៥២ | បន្ទាប់
ID: 637643080544196597
ទៅកាន់ទំព័រ៖