ព្រះត្រៃបិដក ភាគ ៧៤

ខ្ញុំ​ញុំាង​ញាណ​ឲ្យ​កើតឡើង​ក្នុង​ធម៌​ទាំងនោះ គឺ ការ​ចង្រ្កម ការ​ប្រឹងប្រែង ការ​ព្យាយាម និង​ពោធិបក្ខិយធម៌ ហើយ​នៅ​តាមប្រាថ្នា ១ ខ្ញុំ​ញុំាង​ញាណ​ឲ្យ​កើតឡើង​ក្នុង​ធម៌​ទាំងនោះ គឺ សីល សមាធិ បញ្ញា​វិមុត្តិ​ដ៏​ប្រសើរ ហើយ​នៅជា​សុខ ១។ ព្រោះតែ​ខ្ញុំ​បាន​ថ្វាយ​តាំង​ផែនក្តារ ចំពោះ​ព្រះ​ជិនស្រី និង​ព្រះសង្ឃ​ជា​គណៈសង្ឃ​ខ្ពង់ខ្ពស់ ទើបបាន​អានិសង្ស ២ ប្រការ ដ៏​សមគួរ​ដល់​អំពើ​របស់ខ្ញុំ គឺ ខ្ញុំ​បាន​បល្ល័ង្ក​ដ៏​ប្រសើរ ដែល​សម្រេច​ដោយ​មាស សម្រេច​ដោយ​កែវមណី ១ សម្រេច​ដោយ​ភ្លុក និង​ខ្លឹម​ជាច្រើន ១ នេះ​ជា​ផល​នៃ​តាំង​ផែនក្តារ។ ព្រោះតែ​ខ្ញុំ​បាន​ថ្វាយ​តាំង​មាន​ជើង ចំពោះ​ព្រះ​ជិនស្រី និង​ព្រះសង្ឃ​ជា​គណៈសង្ឃ​ខ្ពង់ខ្ពស់ ទើបបាន​អានិសង្ស ២ ប្រការ ដ៏​សមគួរ​ដល់​អំពើ​របស់ខ្ញុំ គឺ ខ្ញុំ​បាន​យាន​ដ៏​ច្រើន នេះ​ជា​ផល​នៃ​តាំង​មាន​ជើង ១ ជន​ទាំងឡាយ​ដទៃ ដែល​ជា​អ្នក​រស់នៅ​ដោយសារ គឺ ទាសី ទាសៈ ភរិយា ជន​ទាំងនោះ តែង​បម្រើ​នូវ​ខ្ញុំ​ដោយ​ប្រពៃ នេះ​ជា​ផល​នៃ​តាំង​មាន​ជើង ១។
ថយ | ទំព័រទី ១៥៩ | បន្ទាប់
ID: 637643082190603192
ទៅកាន់ទំព័រ៖