ព្រះត្រៃបិដក ភាគ ៧៤

ព្រោះតែ​ខ្ញុំ​បាន​ថ្វាយ​ប្រេង​សម្រាប់​លាប ចំពោះ​ព្រះសង្ឃ​ជា​គណៈសង្ឃ​ខ្ពង់ខ្ពស់ ទើបបាន​អានិសង្ស ៥ ប្រការ ដ៏​សមគួរ​ដល់​អំពើ​របស់ខ្ញុំ គឺ​ភាពជា​អ្នក​មិន​មាន​ព្យាធិ ១ ភាពជា​អ្នកមាន​រូបល្អ ១ ភាពជា​អ្នក​ពិចារណា​ធម៌​ដោយ​រហ័ស ១ ភាពជា​អ្នក​បាន​បាយ និង​ទឹក ១ ខ្ញុំ​មាន​អាយុវែង ជាគម្រប់ ៥។ ព្រោះតែ​ខ្ញុំ​បាន​ថ្វាយ​ទឹកដោះថ្លា និង​ប្រេង ចំពោះ​ព្រះសង្ឃ​ដែល​ជា​គណៈសង្ឃ​ខ្ពង់ខ្ពស់ ទើបបាន​អានិសង្ស ៥ ប្រការ ដ៏​សមគួរ​ដល់​អំពើ​របស់ខ្ញុំ គឺ ខ្ញុំ​ជា​បុគ្គល​មាន​កម្លាំង ១ បរិបូណ៌​ដោយ​រូប ១ ជា​អ្នក​រីករាយ ១ ជា​អ្នកមាន​កូន​សព្វៗ កាល ១ ជា​អ្នក​មិន​មាន​ជំងឺ គ្រប់​កាល​ទាំងពួង ១ នេះ​ជា​ផល​នៃ​ទឹកដោះថ្លា និង​ប្រេង។ ព្រោះតែ​ខ្ញុំ​បាន​ថ្វាយ​ទឹកលុប​មុខ ចំពោះ​ព្រះសង្ឃ ដែល​ជា​គណៈសង្ឃ​ខ្ពង់ខ្ពស់ ទើបបាន​អានិសង្ស ៥ ប្រការ ដ៏​សមគួរ​ដល់​អំពើ​របស់ខ្ញុំ គឺ​ខ្ញុំ​ជា​បុគ្គល​មានក​ដ៏​ល្អ ១ មានសម្លេង​ពីរោះ ១ គ្មាន​រោគ​ក្អក ១ គ្មាន​រោគហឺត ១ មាន​ក្លិន​ផ្កា​ឧប្បល ផ្សាយ​ចេញ​អំពី​មាត់​ខ្ញុំ គ្រប់​កាល​ទាំងពួង ១។
ថយ | ទំព័រទី ១៦០ | បន្ទាប់
ID: 637643082410602837
ទៅកាន់ទំព័រ៖