ព្រះត្រៃបិដក ភាគ ៧៤
ពួកជាងធ្វើកូនសរ ជាងក្រឡឹង ជាងធ្វើស្បែក និងជាងចាំង មានចិត្តជ្រះថ្លា មានចិត្តរីករាយ ពួកជនទាំងនោះ បានធ្វើនូវការប្រជុំគ្នា។ ពួកជាងដែក ពួកជាងមាស ជាងសំណ និងលោហៈ មានចិត្តជ្រះថ្លា មានចិត្តរីករាយ ពួកជនទាំងនោះ បានធ្វើនូវការប្រជុំគ្នា។ ពួកអ្នកស៊ីឈ្នួល ពួកអ្នកកាន់ទង់សំពត់ និងពួកទាសកម្មករជាច្រើន ជនទាំងនោះ បានធ្វើនូវការប្រជុំគ្នា តាមកម្លាំងរបស់ខ្ញុំ។ ពួកអ្នកដងទឹក ពួកអ្នករកឧស ពួកអ្នកភ្ជួររាស់ ពួកអ្នកនាំស្មៅ ជនទាំងនោះ បានធ្វើនូវការប្រជុំគ្នា តាមកម្លាំងរបស់ខ្លួន។ ពួកអ្នកបេះផ្កា អ្នកក្រងផ្កា អ្នកលក់បន្លែ និងអ្នកនាំផ្លែឈើ ជនទាំងនោះបានធ្វើនូវការប្រជុំគ្នា តាមកម្លាំងរបស់ខ្លួន។ ស្រីពេស្យា នាងកុម្ភទាសី ស្រីអ្នកលក់នំ និងអ្នកនេសាទត្រី ជនទាំងនោះ បានធ្វើនូវការប្រជុំគ្នា តាមកម្លាំងរបស់ខ្លួន។ ជនទាំងអស់នុ៎ះឯង មកប្រជុំគ្នា ចងគ្នាជាពួក ក្នុងទីមួយ (ហើយពោលថា) យើងទាំងឡាយ នឹងធ្វើនូវការកសាង ចំពោះព្រះពុទ្ធ ជាបុញ្ញក្ខេត្តដ៏ប្រសើរ។
ID: 637643083530759063
ទៅកាន់ទំព័រ៖