ព្រះត្រៃបិដក ភាគ ៧៤
ជនទាំងនោះ ស្តាប់ពាក្យខ្ញុំហើយ ក៏ចងពួកក្នុងខណៈនោះ បានឲ្យពួកជាងធ្វើឧបដ្ឋានសាលា ដែលធ្វើដោយល្អ ថ្វាយព្រះភិក្ខុសង្ឃ។ ខ្ញុំធ្វើសាលានោះរួចហើយ ក៏មានចិត្តរីករាយ មានចិត្តត្រេកអរ មានពួកជនទាំងអស់នោះហែហមចូលទៅគាល់ព្រះសម្ពុទ្ធ។ លុះចូលទៅគាល់ព្រះសម្ពុទ្ធ ព្រះអង្គជាទីពឹងនៃលោក ប្រសើរជាងជន ហើយថ្វាយបង្គំព្រះបាទាព្រះសាស្តា រួចពោលនូវពាក្យនេះថា បពិត្រព្រះមុនី ជាវីរបុរស ពួកបុរស ៣០០ នាក់នេះ ជាពួកតែមួយ វេរថ្វាយឧបដ្ឋានសាលា ដែលធ្វើយ៉ាងល្អ ចំពោះព្រះអង្គ សូមព្រះអង្គមានបញ្ញាចក្ខុ ទទួល (នូវសាលា) ចំពោះមុខភិក្ខុសង្ឃ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់សម្តែងនូវគាថាទាំងឡាយនេះ ចំពោះមុខបុរសទាំង ៣០០ នាក់ថា ពួកបុរស ៣០០ នាក់ និងបុរសជាធំ ប្រព្រឹត្តត្រូវគ្នាតែបែបមួយ ដ្បិតពួកអ្នកទាំងអស់គ្នា ធ្វើអំពើនេះហើយ នឹងបានទទួលសម្បត្តិសុខ។
ID: 637643083753571607
ទៅកាន់ទំព័រ៖