ព្រះត្រៃបិដក ភាគ ៧៤
លុះដល់បច្ឆិមភព អ្នកទាំងឡាយ នឹងឃើញច្បាស់ព្រះនិព្វាន មានភាពដ៏ត្រជាក់ត្រជុំ ជាគុណជាតដ៏ប្រសើរ ឥតចាស់ ឥតស្លាប់ ជាទីក្សេមក្សាន្ត។ ព្រះសព្វញ្ញុពុទ្ធ ជាបុគ្គលប្រសើរ បានព្យាករយ៉ាងនេះ ខ្ញុំបានស្តាប់ព្រះពុទ្ធដីកាហើយ ក៏ទទួលនូវសេចក្តីសោមនស្ស។ ខ្ញុំរីករាយក្នុងទេវលោក អស់ ៣០ ពាន់កប្ប ខ្ញុំជាធំជាងទេវតា សោយទេវរាជ្យ អស់ ៥០០ ដង។ ខ្ញុំបានជាស្តេចចក្រពត្តិ អស់មួយពាន់ដង បានសោយបទេសរាជ្យដ៏ទូលាយ រាប់បានមួយអសង្ខេយ្យកប្ប។ ពួកបរិស័ទបានមកជាផៅពង្ស ក្នុងរាជ្យជារបស់មនុស្សនេះ លុះដល់បច្ឆិមភព មានព្រាហ្មណ៍ឈ្មោះវាសេដ្ឋៈ សន្សំទ្រព្យទុកបាន ៨០កោដិ។ ខ្ញុំក៏បានជាកូនរបស់វាសេដ្ឋព្រាហ្មណ៍នោះ ពាក្យថាសេលព្រាហ្មណ៍ ជាឈ្មោះរបស់ខ្ញុំ ៗ ជាអ្នកដល់នូវបារមីក្នុងឆឡង្គទាន។ កាលខ្ញុំដើរទៅកាន់ទីសម្រាកស្មង ពួកសិស្សរបស់ខ្លួនចោមរោម ខ្ញុំឃើញគ្រឿងបូជាដែលគេចាត់ចែង ក៏ពោលពាក្យនេះ នឹងកេនិយតាបស ដែលពេញដោយភារៈគឺផ្នួងសក់ថា លោកធ្វើអាវាហមង្គល ឬវិវាហមង្គល ឬក៏លោកអញ្ជើញព្រះរាជាមក។
ID: 637643084038415401
ទៅកាន់ទំព័រ៖