ព្រះត្រៃបិដក ភាគ ៧៤
ម្នាលមាណពទាំងឡាយ ព្រះមានព្រះភាគទាំងឡាយ គេចូលទៅរកបានដោយក្រ ដូចជាសីហៈដែលត្រាច់ទៅតែឯង អ្នកទាំងឡាយ ចូរដើរដាក់ជើងជិតជើង (សន្សឹម ៗ) ដើរមកចុះ។ ព្រះពុទ្ធទាំងឡាយ អ្នកផងចូលទៅរកបានដោយក្រ ដូចជាពស់អាសិរពិសដ៏ឃោរឃៅ ដូចជាកេសររាជសីហ៍ ជាស្តេចម្រឹគ ឬក៏ដូចជាដំរីកុញ្ជរ បានបទដែលចុះប្រេង។ ម្នាលមាណពទាំងឡាយ អ្នកទាំងឡាយ ចូរទប់នូវអាការក្អក និងកណ្តាស ចូរដើរដាក់ជើងជិតជើង ចូលទៅកាន់សំណាក់ព្រះពុទ្ធចុះ។ ព្រះពុទ្ធទាំងឡាយ ព្រះអង្គធ្ងន់ព្រះទ័យក្នុងការពួនសម្ងំ ពេញព្រះហឫទ័យនឹងសំឡេងតិចៗ អ្នកផងចូលទៅរកបានដោយក្រ ចូលទៅជិតបានដោយលំបាក ជាគ្រូក្នុងមនុស្សលោក ព្រមទាំងទេវលោក។ កាលណាខ្ញុំកំពុងសាកសួរប្រស្នា ឬកំពុងនិយាយរាក់ទាក់ កាលនោះ អ្នកទាំងឡាយ ចូរនិយាយសំឡេងតិចៗ ចូរឋិតនៅស្ងៀម។
ID: 637643085736071979
ទៅកាន់ទំព័រ៖