ព្រះត្រៃបិដក ភាគ ៧៤

កាលណា​ព្រះពុទ្ធ​នោះ ទ្រង់​សម្តែង​ព្រះ​សទ្ធម្ម ជា​ធម៌​ក្សេម​ដើម្បី​ដល់​ព្រះនិព្វាន (កាលនោះ) អ្នក​ទាំងឡាយ ចូរ​ត្រងត្រាប់​ស្តាប់​សេចក្តី​នោះ ដ្បិត​ការ​ស្តាប់​នូវ​ព្រះ​សទ្ធម្ម ជាការល្អ។ ខ្ញុំ​បាន​ចូល​ទៅ​គាល់​ព្រះសម្ពុទ្ធ ហើយ​និយាយ​រាក់ទាក់ (ជាមួយ) នឹង​ព្រះសម្ពុទ្ធ​ជា​អ្នកប្រាជ្ញ លុះ​បញ្ចប់​ពាក្យ​នោះ​ហើយ ក៏​ពិនិត្យមើល​លក្ខណៈ​ទាំងឡាយ។ ខ្ញុំ​មិនទាន់​ឃើញ​លក្ខណៈ ២ ប្រការ ឃើញ​តែ​លក្ខណៈ ៣០ ប្រការ ទើប​ព្រះ​មុនី ទ្រង់​បង្ហាញ​ដោយ​ឫទ្ធិ នូវ​គុយ្ហៈ ជា​វត្ថុ​បិទបាំង​ដោយ​ស្រោម។ ព្រះ​ជិនស្រី ទ្រង់​លៀន​ព្រះ​ជិវ្ហា ហើយ​ប៉ះពាល់​នូវ​ព្រះកាណ៌ និង​ព្រះ​នាសិកៈ បាំង​នូវ​ទីបំផុត​ព្រះ​នលាដៈ​ទាំងអស់។ លុះ​ខ្ញុំ​ឃើញ​លក្ខណៈ​របស់​ព្រះអង្គ​ដ៏​បរិបូណ៌ ព្រមទាំង​អនុព្យញ្ជនៈ ក៏​ដល់​នូវ​សេចក្តី​ចូលចិត្ត​ថា​ជា​ព្រះពុទ្ធ ហើយ​បួស​ជាមួយនឹង​ពួក​សិស្ស។ លុះ​ខ្ញុំ ព្រមទាំង​ពួក​សិស្ស ៣០០ នាក់ ចូល​ទៅកាន់​ផ្នួស​ហើយ កាល​មិនទាន់​ដល់​កន្លះ​ខែ​នៅឡើយ ពួក​យើង​ទាំងអស់ ក៏​ដល់​នូវ​សេចក្តី​រលត់ទុក្ខ។
ថយ | ទំព័រទី ១៧៤ | បន្ទាប់
ID: 637643085927165305
ទៅកាន់ទំព័រ៖