ព្រះត្រៃបិដក ភាគ ៧៤
គឺ ខ្ញុំជាអ្នកមិនកក្រើកចាកមេត្តា ១ មានភោគៈមិនខ្វះខាត ១ មានពាក្យសំដីគួរអ្នកផងកាន់យក ១ មិនកំចាត់បង់ (នូវគុណនៃបុគ្គលដទៃ) ១ ចិត្តរបស់ខ្ញុំមិនភ័ន្តច្រឡំ ខ្ញុំជាអ្នកមិនរឹងចចេស ចំពោះបុគ្គលណាមួយ ១ ដោយអំពើដែលខ្ញុំធ្វើល្អនោះ ទើបខ្ញុំជាអ្នកមិនមានមន្ទិលក្នុងសាសនា។ បពិត្រព្រះមុនី ជាមហាវីរបុរស ភិក្ខុជាសាវ័ករបស់ព្រះអង្គ ប្រកបសេចក្តីគោរព ប្រកបដោយសេចក្តីកោតក្រែង មានកិច្ចធ្វើរួចហើយ ជាអ្នកមិនមានអាសវៈ រមែងថ្វាយបង្គំព្រះអង្គ។ ខ្ញុំបានធ្វើនូវបល្ល័ង្កដែលធ្វើដ៏ល្អ ហើយតាំងទុកក្នុងសាលា ដោយអំពើដែលខ្ញុំធ្វើល្អនោះ ទើបខ្ញុំបាននូវហេតុ គឺអានិសង្ស ៥ ប្រការ គឺខ្ញុំកើតក្នុងត្រកូលខ្ពង់ខ្ពស់ ១ ជាអ្នកមានភោគៈច្រើន ១ ជាអ្នកមានសម្បត្តិគ្រប់មុខ ១ ខ្ញុំមិនមានសេចក្តីកំណាញ់ ១ បល្ល័ង្ករមែងផុសឡើងដល់ខ្ញុំ ក្នុងដំណើរដែលខ្ញុំប្រាថ្នា ១ ខ្ញុំរមែងទៅកាន់ទីដែលខ្ញុំបា្រថ្នា ព្រមដោយបល្ល័ង្កដ៏ប្រសើរ។ ខ្ញុំបន្ទោបង់នូវងងឹតទាំងពួងបាន ព្រោះទាននៃបល្ល័ង្កនោះឯង បពិត្រព្រះមុនី ព្រះថេរៈដែលដល់នូវកម្លាំងនៃអភិញ្ញាទាំងពួង រមែងថ្វាយបង្គំនូវព្រះអង្គ។
ID: 637643086338884360
ទៅកាន់ទំព័រ៖