ព្រះត្រៃបិដក ភាគ ៧៤
ខ្ញុំញុំាងកិច្ចទាំងពួង ដែលជាកិច្ចរបស់អ្នកដទៃ និងកិច្ចរបស់ខ្លួនឲ្យសម្រេច ដោយអំពើដែលខ្ញុំធ្វើល្អនោះ ទើបខ្ញុំបានចូលទៅកាន់បុរីឥតមានភ័យ។ ខ្ញុំបានឲ្យគ្រឿងប្រើប្រាស់ ទុកក្នុងសាលាដែលកសាងស្រេចហើយ ដោយអំពើដែលខ្ញុំធ្វើល្អនោះ ទើបបានដល់នូវភាពនៃខ្លួនជាបុគ្គលប្រសើរ។ ពួកជនអ្នកទូន្មានណានីមួយក្នុងលោក ពួកជនអ្នកទូន្មានទាំងនោះ រមែងទូន្មាននូវដំរី និងសេះទាំងឡាយ ពួកជនអ្នកទូន្មានទាំងនោះ ធ្វើដោយហេតុផ្សេងៗ ហើយទូន្មានដោយអំពើដ៏អាក្រក់។ បពិត្រព្រះមហាវីរបុរស ព្រះអង្គមិនមែនទូន្មាននូវពួកបុរសស្រ្តីដូច្នោះទេ ព្រះអង្គតែងទូន្មាននូវពពួកជនដ៏ខ្ពង់ខ្ពស់ ដែលគួរទូន្មាន ដោយហេតុមិនបាច់ប្រើដំបង មិនបាច់ប្រើគ្រឿងសស្រ្តាវុធ។ បពិត្រព្រះមហាមុនី ព្រះអង្គឈ្លាសវៃក្នុងការទេសនា ទ្រង់សរសើរគុណនៃទាន បពិត្រព្រះមុនី ព្រះអង្គកាលសម្តែងនូវប្រស្នាតែមួយសោះ ក៏ញុំាងពួកបុរស ទាំង ៣០០ នាក់ ឲ្យត្រាស់ដឹងធម៌បាន។
ID: 637643086541227844
ទៅកាន់ទំព័រ៖