ព្រះត្រៃបិដក ភាគ ៧៤

ពួក​យើង​ដែល​ព្រះអង្គ​ជា​សារថី​បាន​ទូន្មាន​ហើយ ជា​អ្នកមាន​ចិត្ត​រួច​ស្រឡះ មិន​មាន​អាសវៈ ដល់​នូវ​កម្លាំង​នៃ​អភិញ្ញា​ទាំងពួង មានទុក្ខ​រលត់​ហើយ ព្រោះ​អស់​ទៅ​នៃ​ឧប​ធិ​ក្កិ​លេស។ ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ឲ្យ​ទាន ភ័យ​គ្រប់យ៉ាង ខ្ញុំ​កន្លង​ផុត​ហើយ នេះ​ជា​ផល​នៃ​ការ​ឲ្យ​សាលា។ ឱ! ដំណើរ​ដែល​ខ្ញុំ​មក​ក្នុង​សំណាក់​ព្រះពុទ្ធ​របស់ខ្ញុំ ល្អ​ណាស់​ហ៎្ន វិជ្ជា ៣ ប្រការ ខ្ញុំ​បាន​ដល់ហើយ ទាំង​សាសនធម៌​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ធ្វើ​ចប់ហើយ កិលេស​ទាំងឡាយ ខ្ញុំ​បាន​ដុត​បំផ្លាញ​ហើយ ភព​ទាំងពួង ខ្ញុំ​បាន​គាស់រំលើង​ចោល​ហើយ ជា​អ្នក​មិន​មាន​អាសវៈ ដូចជា​ដំរី​កាត់​នូវ​ទន្លីង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​សេ​លត្ថេ​រមាន​អាយុ ព្រមទាំង​បរិស័ទ បាន​ពោល​នូវ​គាថា​ទាំងនេះ ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ ដោយ​ប្រការ​ដូច្នេះ។

ចប់ សេ​លត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១៧៨ | បន្ទាប់
ID: 637643086796853250
ទៅកាន់ទំព័រ៖