ព្រះត្រៃបិដក ភាគ ៧៤

សព្វ​កិត្តិ​កត្ថេ​រាប​ទាន ទី៣


 [៩៣] ខ្ញុំ​បានឃើញ​ព្រះ​លោកនាយក ទ្រង់​រុងរឿង​ដូច​ផ្កា​កណិការ ទ្រង់​ភ្លឺ​ដូច​ឈើ​ប្រចាំ​ទ្វីប ភ្លឺ​ច្រាល​ដូច​ផ្កាយព្រឹក ពុំ​នោះ ដូច​ផ្លេកបន្ទោរ​ឰដ៏​អាកាស។ ព្រះអង្គ​មិន​ខ្លាច មិន​តក់ស្លុត ដូច​កេសរ​រាជសីហ៍​ជា​ស្តេចម្រឹគ ទ្រង់​ប្រកាស​នូវ​ពន្លឺ​គឺ​ញាណ ទ្រង់​ញាំញី​នូវ​ពួក​តិរិ្ថយ។ ទ្រង់​ស្រង់​នូវ​សត្វលោក​នេះ ទ្រង់​ផ្តាច់​បង់​នូវ​សេចក្តី​សង្ស័យ​ទាំងអស់ មិន​ខ្លាច​ដូច​ស្តេចម្រឹគ។ ខ្ញុំ​ជា​ព្រាហ្មណ៍ អ្នក​ទ្រទ្រង់នូវ​ជដា និង​ស្បែក​ខ្លា មានចិត្ត​ត្រង់ មាន​ព្យាយាម បាន​កាន់​យក​នូវ​សំពត់​សម្បកឈើ ទៅ​ក្រាល​ទៀប​បាទមូល។ បាន​យក​ខ្លឹម​ក្លាំពាក់​ទៅ​លាប​ព្រះ​តថាគត លុះ​លាប​ព្រះសម្ពុទ្ធ​ហើយ បាន​សរសើរ​ព្រះ​លោកនាយក ដូច្នេះ​ថា
 បពិត្រ​ព្រះ​មហាមុនី ព្រះអង្គ​ទ្រង់​ស្រង់​នូវ​សត្វលោក​នេះ ទ្រង់​បាន​ឆ្លង​នូវ​ឱឃ​ធម៌ ទ្រង់​ធ្វើ​ញាណ​ដ៏​ប្រសើរ​ឧត្តម ឲ្យ​ភ្លឺ​ដោយ​ពន្លឺ គឺ​ញាណ។ ព្រះ​អង្គ​ញុំាង​ធម្មចក្រ​ឲ្យ​ប្រព្រឹត្តទៅ​ក្នុង​លោក ទ្រង់​ញាំញី​នូវ​អន្យ​តិរិ្ថយ ជា​បុគ្គល​ប្រសើរ ទ្រង់​ឈ្នះ​សង្រ្គាម ទ្រង់​ញុំាង​ផែនដី​ឲ្យ​កម្រើក។
ថយ | ទំព័រទី ១៧៩ | បន្ទាប់
ID: 637643087070915658
ទៅកាន់ទំព័រ៖