ព្រះត្រៃបិដក ភាគ ៧៤
បុគ្គលនេះនឹងរីករាយក្នុងលោក នឹងបានជាធំ គ្របសង្កត់ទេវតាដទៃ នឹងសោយនូវឥស្សរភាព អស់ ៦ ម៉ឺនកប្ប។ ក្នុងកាលជាខាងក្រោយមក កុលបុត្រនោះនឹងចេញបួស ត្រូវកុសលមូលដាស់តឿនហើយ នឹងបួសក្នុងសាសនានៃព្រះគោតមមានព្រះភាគ។ លុះបួសហើយ បានវៀរបង់នូវបាបកម្មដោយកាយ កំណត់ដឹងនូវអាសវធម៌ទាំងពួង ជាអ្នកមិនមានអាសវៈ នឹងបរិនិព្វាន។
មេឃកាលកំទរ ធ្វើផែនដីនេះឲ្យឆ្អែត យ៉ាងណាមិញ បពិត្រព្រះមហាវីរៈ ព្រះអង្គទ្រង់ញុំាងខ្ញុំឲ្យឆ្អែតដោយធម៌ ក៏យ៉ាងនោះដែរ។ ខ្ញុំព្រះអង្គសរសើរនូវសីល បញ្ញា និងធម៌នៃព្រះលោកនាថ ជាអ្នកដល់នូវព្រះនិព្វាន ជាទីស្ងប់ដ៏ក្រៃលែង ជាបទមិនឃ្លៀងឃ្លាត។ ធ្វើម្តេចហ្ន៎! ព្រះមានព្រះភាគអង្គនោះ ទ្រង់មានចក្ខុ នឹងឋិតនៅអស់កាលយូរ អាត្មាអញនឹងបានដឹងនូវធម៌ដែលមិនទាន់ដឹងផង នឹងឃើញនូវអមតបទផង។ នេះជាបច្ឆិមជាតិរបស់ខ្ញុំ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំកំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ។
ID: 637643087863102754
ទៅកាន់ទំព័រ៖