ព្រះត្រៃបិដក ភាគ ៧៤
កន្លងទៅ ៣ ម៉ឺនកប្បទៀត ព្រះសាស្តា ព្រះនាមគោតម ទ្រង់សម្ភពក្នុងត្រកូលនៃឱក្កាករាជ នឹងត្រាស់ឡើងក្នុងលោក។ ឯបុរសនេះ នឹងជាអ្នកទទួលមត៌កក្នុងធម៌របស់ព្រះសាស្តាអង្គនោះ ជាឱរសដែលធម៌និម្មិតហើយ កំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ នឹងបរិនិព្វាន។
ខ្ញុំច្យុតចាកទេវលោក មកចាប់ផ្ទៃនៃមាតា ក្នុងមនុស្សលោកនេះ ភ្លៀងទឹកឃ្មុំបានបង្អុរចុះ គ្របនូវផែនដីដោយទឹកឃ្មុំ។ ក្នុងពេលដែលខ្ញុំប្រសូតចេញមក ភ្លៀងទឹកឃ្មុំ រមែងបង្អុរចុះមកឲ្យខ្ញុំ អស់កាលជានិច្ច ក្នុងទីនោះ (ដូចជាគេចាក់ទឹក) អំពីក្អម ផែនដី គេឆ្លងបានដោយក្រ។ ខ្ញុំបានចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ជាអ្នកបានបាយទឹកជាប្រក្រតី នេះជាផលនៃទានទឹកឃ្មុំ។ ខ្ញុំកើតក្នុងទេវលោក និងមនុស្សលោក ជាអ្នកបានសម្រេចដូចសេចក្តីប្រាថ្នាគ្រប់ប្រការ ជាអ្នកដល់នូវធម៌ជាគ្រឿងអស់អាសវៈ ដោយទានទឹកឃ្មុំនោះឯង។
កាលភ្លៀងបង្អុរចុះមក កាលស្មៅ (ដុះ) កំពស់ ៤ ធ្នាប់ កាលដើមឈើលើប្រឹថពី ជាទីគួរសាបព្រោះ មានផ្ការីកល្អ ខ្ញុំមិនមានអាសវៈ ដល់នូវសេចក្តីសុខជានិច្ច នៅក្នុងផ្ទះស្ងាត់ ទៀបគល់ឈើជាមណ្ឌប។
ID: 637643088862326131
ទៅកាន់ទំព័រ៖