ព្រះត្រៃបិដក ភាគ ៧៤
បពិត្រព្រះអង្គជាបុរសអាជានេយ្យ ខ្ញុំសូមនមស្ការព្រះអង្គ បពិត្រព្រះអង្គជាបុរសខ្ពង់ខ្ពស់ ខ្ញុំសូមនមស្ការព្រះអង្គ បពិត្រព្រះអង្គមានព្យាយាមធំ ជាចម្បងក្នុងលោក ទ្រង់ប្រសើរជាងពួកនរៈ ព្រះអង្គជាសព្វញ្ញូពុទ្ធ។ លុះខ្ញុំបានសរសើរព្រះសម្ពុទ្ធព្រះនាមសិខី ដោយការធ្វើនិមិត្តហើយ ក៏ថ្វាយបង្គំព្រះអង្គ ដែលទ្រង់កំពុងគង់នៅ រួចដើរចេញទៅ ឈមមុខទៅកាន់ឧត្តរទិស។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានសរសើរព្រះពុទ្ធ ទ្រង់ប្រសើរជាងពួកអ្នកប្រាជ្ញ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការសរសើរ។ ក្នុងកប្បទី ២៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៧ ជាតិ ព្រះនាមអតុល្យៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើប្រតិបត្តិហើយ។
បានឮថា ព្រះអាសនត្ថវិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ អាសនត្ថវិកត្ថេរាបទាន។
ID: 637643024471223716
ទៅកាន់ទំព័រ៖