ព្រះត្រៃបិដក ភាគ ៧៤
លុះព្រះអនោមទស្សី ព្រះអង្គមានព្យាយាមច្រើន មានយសធំ កំពុងសេ្តចចូលមក អាពាធបណ្តាលអំពីខ្យល់ ក៏បានតាំងឡើងដល់ព្រះលោកនាថក្នុងមួយរំពេច។ ខ្ញុំកាលត្រាច់ទៅក្នុងព្រៃ បានឃើញព្រះលោកនាយក ក៏ចូលមកជិតព្រះសម្ពុទ្ធទ្រង់មានចក្ខុ មានយសច្រើន។ លុះខ្ញុំបានឃើញឥរិយាបថ ក៏កំណត់ទុកក្នុងកាលនោះថា ព្យាធិទាំងឡាយ ពិតជានឹងកើតដល់ព្រះពុទ្ធ ដោយឥតសង្ស័យ។ ខ្ញុំបានត្រឡប់មកកាន់អាស្រមដោយប្រញាប់ប្រញាល់ ខ្ញុំមានបំណងនឹងធ្វើថ្នាំ ក្នុងសំណាក់ពួកសិស្សរបស់ខ្ញុំ ខ្ញុំបានហៅពួកសិស្សក្នុងកាលនោះ។ ពួកសិស្សទាំងអស់ ជាអ្នកមានសេចក្តីគោរព បានទទួលស្តាប់ពាក្យរបស់ខ្ញុំ ហើយមកប្រជុំក្នុងទីជាមួយគ្នា ព្រោះពួកសិស្សទាំងនោះ ជាអ្នកមានសេចក្តីគោរពដល់ខ្ញុំជាគ្រូ។ ខ្ញុំបានឡើងភ្នំជាប្រញាប់ ហើយបានធ្វើនូវឱសថទាំងអស់ ខ្ញុំធ្វើផ្សំនឹងទឹកសម្រាប់ផឹក បានថ្វាយដល់ព្រះពុទ្ធដ៏ប្រសើរ។ កាលព្រះសព្វញ្ញូ លោកនាយកមានព្យាយាមធំ កាលទ្រង់សោយហើយ រោគខ្យល់នៃព្រះសុគត ទ្រង់ស្វែងរកគុណដ៏ធំ ក៏បានស្ងប់រម្ងាប់យ៉ាងឆាប់។
ID: 637643092517634204
ទៅកាន់ទំព័រ៖