ព្រះត្រៃបិដក ភាគ ៧៤
ព្រះអនោមទស្សី មានយសច្រើន ទ្រង់ឃើញសេចក្តីក្រវល់ក្រវាយស្ងប់រម្ងាប់ហើយ ទ្រង់គង់លើអាសនៈរបស់ព្រះអង្គ រួចទ្រង់ពោលនូវគាថាទាំងនេះថា បុរសណា បានប្រគេនភេសជ្ជៈ ដល់តថាគតផង បានរម្ងាប់ព្យាធិរបស់តថាគតផង តថាគតនឹងសរសើរបុរសនោះ អ្នកទាំងឡាយ ចូរស្តាប់ភាសិតដែលតថាគតនឹងសម្តែងចុះ។ បុរសនេះ នឹងត្រេកអរក្នុងទេវលោក អស់មួយសែនកប្ប នឹងរីករាយក្នុងការប្រគំតន្រ្តីក្នុងទេវលោកនោះសព្វកាល។ លុះត្រឡប់មកកាន់មនុស្សលោកវិញ ត្រូវកុសលមូលដាស់តឿន នឹងបានជាស្តេចចក្រពត្តិ អស់មួយពាន់ដង។ ក្នុងកប្បទី ៥៥ បុរសនេះ នឹងបានកើតជាក្សត្រសោយរាជ្យ ព្រះនាមអនោមិ ជាធំក្នុងជម្ពូទ្វីប ជាធំលើផែនដី ឈ្នះសង្រ្គាម មានសមុទ្រទាំង ៤ ជាទីបំផុត។ នឹងបានជាស្តេចចក្រពត្តិ បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ញុំាងទេវតាក្នុងឋានតាវត្តិង្សឲ្យកម្រើក ហើយនឹងសោយនូវឥស្សរភាព។ បុរសនេះ ទោះនឹងកើតជាទេវតាក្តី ជាមនុស្សក្តី នឹងមិនមានអាពាធ នឹងវៀរបង់នូវព្យាធិ ជាគ្រឿងក្តៅក្រហាយក្នុងលោក។
ID: 637643092728415337
ទៅកាន់ទំព័រ៖