ព្រះត្រៃបិដក ភាគ ៧៤
បពិត្រព្រះមុនី ព្រះអង្គទ្រង់ផ្តាច់បង់នូវសេចក្តីងឿងឆ្ងល់ និងសេចក្តីសង្ស័យ បពិត្រព្រះអង្គមានចក្ខុ ព្រះអង្គទ្រង់ញុំាងមគ្គផលឲ្យសម្រេចដល់ខ្ញុំ ដោយញាណរបស់ព្រះអង្គ។ ព្រះអរហន្តទាំងឡាយ ដែលដល់នូវសេចក្តីសម្រេច បានអភិញ្ញា ៦ មានឫទ្ធិច្រើន ត្រាច់ទៅក្នុងអាកាសបាន ជាអ្នកប្រាជ្ញ តែងចោមរោមក្នុងខណៈនោះ។ សាវ័កទាំងឡាយ កំពុងប្រតិបត្តិក្តី ជាសេក្ខបុគ្គលក្តី ឋិតនៅក្នុងផលក្តី សាវ័ករបស់ព្រះអង្គទាំងនោះ បែកផ្កាហើយ ដូចផ្កាឈូកក្នុងពេលព្រះអាទិត្យទើបនឹងរះ។ មហាសមុទ្រមិនកម្រើក ជ្រៅថ្លឹងមិនបាន កម្របុគ្គលឆ្លងបាន យ៉ាងណា បពិត្រព្រះអង្គមានចក្ខុ ព្រះអង្គបរិបូណ៌ដោយញាណប្រមាណមិនបាន ក៏យ៉ាងនោះ។ ខ្ញុំថ្វាយបង្គំព្រះជិនស្រីមានចក្ខុ មានយសច្រើន ហើយនមស្ការទិសទាំង ៤ ក៏ដើរថយក្រោយទៅ។ កាលខ្ញុំច្យុតចាកទេវលោក អន្ទោលទៅក្នុងភពតូចភពធំ ចុះមកចាប់ផ្ទៃនៃមាតា ជាអ្នកដឹងខ្លួន មានស្មារតី។
ID: 637643094270446579
ទៅកាន់ទំព័រ៖