ព្រះត្រៃបិដក ភាគ ៧៤

ស្រះ​នោះ ដេរដាស​ដោយ​ត្រី និង​អណ្តើក ជាទី​ប្រជុំ​នៃ​ម្រឹគ​ផ្សេងៗ គឹកកង​ដោយ​សំឡេង​នៃ​ក្ងោក និង​ក្រៀល មួយអន្លើដោយ​សត្វ​ទាំងឡាយ មាន​សត្វ​តាវៅ​ជាដើម ដែល​មាន​សំឡេង​ពីរោះ។ ពួក​សត្វ​ព្រាប ប្រវឹក ចាក្រពាក ក្អែកទឹក ត្រដេវវិច សាលិកា ចង្កៀលខ្យង ប៉ោលតោក (មាន​កុះករ) ក្នុង​ស្រះ​នោះ។ ពួក​សត្វ​ហង្ស ក្រៀល ខ្លែងស្រាក គ្រលេងគ្រលោង ដ៏​ច្រើន តែង​បន្លឺ​សូរសព្ទ​កងរំពង ស្រះ​នោះ​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​ដីខ្សាច់​ជា​វិការៈ​នៃ​កែវមណី និង​កែវ​មុក្តា។ ពួក​ដើមឈើ​ជា​វិការៈ​នៃ​មាស​ទាំងអស់ មាន​ក្លិន​ផ្សេងៗ ផ្សាយ​ចេញទៅ ញុំាង​លំនៅ (របស់ខ្ញុំ) ឲ្យ​រុងរឿង​ទាំង​ថ្ងៃ ទាំង​យប់​សព្វៗ កាល។ តូ​រ្យ​តន្រ្តី ៦ ម៉ឺន មក​ប្រគំ​រាល់វេលា​ល្ងាច​ព្រឹក ស្រីៗ ១ ម៉ឺន ៦ ពាន់ តែង​មក​ចោមរោម​ខ្ញុំ​សព្វៗ កាល។ ខ្ញុំ​ចេញ​អំពី​លំនៅ មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ បាន​ថ្វាយបង្គំ​ព្រះ​សុ​មេ​ធៈ ជា​លោកនាយក​ដ៏​មានយស​ធំ​អង្គ​នោះ។
ថយ | ទំព័រទី ២០៤ | បន្ទាប់
ID: 637643111167495062
ទៅកាន់ទំព័រ៖