ព្រះត្រៃបិដក ភាគ ៧៤
លុះថ្វាយបង្គំព្រះសម្ពុទ្ធហើយ និមន្តព្រះអង្គ ព្រមទាំងសិស្ស ព្រះសុមេធៈជាលោកនាយក ជាអ្នកប្រាជ្ញអង្គនោះ ទ្រង់បានទទួលនិមន្ត។ ព្រះមហាមុនី ទ្រង់ធ្វើធម្មកថាដល់ខ្ញុំ ហើយបញ្ជូនខ្ញុំទៅ ខ្ញុំក៏បានថ្វាយបង្គំព្រះសម្ពុទ្ធ ចូលទៅឯលំនៅរបស់ខ្ញុំ។ ខ្ញុំបានហៅជនជាបរិស័ទមកថា អ្នកទាំងអស់គ្នាចូរប្រជុំគ្នា ព្រះសម្ពុទ្ធទ្រង់នឹងយាងមកកាន់លំនៅ (របស់យើង) ក្នុងបុព្វណ្ហសម័យ យើងឈ្មោះថា មានលាភហើយ អត្តភាពជាមនុស្ស ឈ្មោះថាយើងបានល្អហើយ ព្រោះយើងនៅរួមគ្នាយ៉ាងនេះ យើងនឹងធ្វើការបូជាដល់ព្រះពុទ្ធដ៏ប្រសើរជាសាស្តា ខ្ញុំនឹងតម្កល់បាយ និងទឹក ហើយក្រាបទូលនូវភត្តកាល។ ព្រះលោកនាយក បាននិមន្តចូលទៅជាមួយនឹងភិក្ខុមួយសែនអង្គ ជាអ្នកស្ទាត់ក្នុងឈាន។ ខ្ញុំបានធ្វើនូវការក្រោកទទួល ព្រមទាំងមានតូរ្យតន្រ្តី និងចម្រៀង ប្រគំជាកិត្តិយសផង ព្រះពុទ្ធជាបុរសឧត្តម ទ្រង់គង់លើតាំងជាវិការៈនៃមាសទាំងអស់។ ដំបូលខាងលើ ជាវិការៈនៃមាសទាំងអស់ ក្នុងកាលនោះ ផ្លិតទាំងឡាយ ក៏បក់ក្នុងចន្លោះនៃភិក្ខុសង្ឃ។
ID: 637643111385151383
ទៅកាន់ទំព័រ៖