ព្រះត្រៃបិដក ភាគ ៧៤

ខ្ញុំ​បាន​កាន់​យក​ឈើ ៣ កំណាត់ មក​តម្កល់ទុក​ក្នុង​ទីវាល ហើយ​អុជ​ប្រទីប ថ្វាយបង្គំ​អស់ ៨ លើក។ ព្រះសម្ពុទ្ធ​ជា​បុរស​ដ៏​ឧត្តម ជា​លោកនាយក ទ្រង់​គង់​អស់ ៧ យប់ ៧ ថ្ងៃ លំដាប់​តអំពី​នោះ​មក ទ្រង់​ក្រោក​ចាក​អាសនៈ ក្នុង​វេលា​ជាទី​អស់​នៃ​រាត្រី។ ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ អស់​យប់ និង​ថ្ងៃ​ទាំងអស់ ខ្ញុំ​មានចិត្ត​ជ្រះថ្លា ថ្វាយ​ប្រទីប​ដល់​ព្រះពុទ្ធ​ដោយដៃ​របស់​ខ្លួន។ គ្រឿងក្រអូប​ទាំងពួង ដែល​កើត​ក្នុង​ព្រៃ មាននៅ​លើ​ភ្នំ​គន្ធមាទន៍ ក៏​មក​ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​ដោយ​អានុភាព​នៃ​ព្រះពុទ្ធ។ ឈើ​ណាមួយ ដែល​មាន​ផ្ការីក ហើយ​មាន​ផ្កា​ក្រអូប ឈើ​ទាំងអស់​នោះ ប្រជុំ​គ្នា​ហើយ ក្នុង​កាលនោះ ដោយ​អានុភាព​នៃ​ព្រះពុទ្ធ។ នាគ និង​គ្រុឌ​ទាំងឡាយ ទាំងអម្បាល​ម៉ាន (ដែល​នៅ) ក្នុង​ព្រៃ​ហិមពាន្ត សត្វ​ទាំងពីរ​ពួក​នោះ មានប្រាថ្នា​ដើម្បី​ស្តាប់ធម៌ បាន​នាំគ្នា​មក​ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ។ សមណៈ​ឈ្មោះ​ទេវ​លៈ ជា​អគ្គសាវ័ក​នៃ​ព្រះពុទ្ធ បាន​ចូល​មកកាន់​សំណាក់​នៃ​ព្រះពុទ្ធ ជាមួយនឹង​ភិក្ខុ​មួយ​សែន​អង្គ ដែល​ជា​អ្នក​ស្ទាត់​ក្នុង​ឈាន។
ថយ | ទំព័រទី ២០៩ | បន្ទាប់
ID: 637643112641401567
ទៅកាន់ទំព័រ៖