ព្រះត្រៃបិដក ភាគ ៧៤

ខ្ញុំ​ច្យុត​ចាក​ឋាន​តុសិត មក​ចាប់​ផ្ទៃ​នៃ​មាតា កាល​ខ្ញុំ​កំពុង​កើត ពន្លឺ​ដ៏​ធំ​ទូលាយ​កើត​ប្រាកដ​ឡើង។ ខ្ញុំ​ចេញ​ចាក​ផ្ទះ ចូល​ទៅកាន់​ផ្នួស រួច​ចូល​ទៅ​រក​ពាវ​រី​ព្រាហ្មណ៍ ហើយ​ដល់​នូវ​ភាពជាសិស្ស​នៃ​ព្រាហ្មណ៍​នោះ។ កាល​ខ្ញុំ​នៅក្នុង​ព្រៃ​ហិមពាន្ត បានឮ​នូវ​ព្រះ​លោកនាយក កាល​ខ្ញុំ​ស្វែងរក​ប្រយោជន៍​ដ៏​ឧត្តម បាន​ចូល​ទៅ​គាល់​ព្រះ​លោកនាយក។ ព្រះសម្ពុទ្ធ ទ្រង់​ជា​អ្នក​ទូន្មាន បាន​ទូន្មាន​ខ្ញុំ​ហើយ ទ្រង់​ឆ្លង​ឱឃៈ មិន​មាន​ឧប​ធិ​ក្កិ​លេស ព្រះសម្ពុទ្ធ ទ្រង់​សម្តែង​ព្រះ​និពា្វន ជា​ធម៌​ញុំាង​សត្វ​ឲ្យ​រួចចាក​ទុក្ខ​ទាំងពួង។ ដំណើរ​មក​របស់ខ្ញុំ​នោះ សម្រេច​ហើយ ខ្ញុំ​បាន​ញុំាង​ព្រះ​មហាមុនី ឲ្យ​ត្រេកអរ​ហើយ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​នៃ​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ឲ្យ​ប្រទីប ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​ទីប​ទាន។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​ចោល​ហើយ ភព​ទាំងពួង ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ ដូច​ដំរី​កាត់​ទន្លីង។
ថយ | ទំព័រទី ២១២ | បន្ទាប់
ID: 637643113522807585
ទៅកាន់ទំព័រ៖