ព្រះត្រៃបិដក ភាគ ៧៤

បន្ទាប់មក ព្រះ​ជិនស្រី ទ្រង់​កាន់​យក​ឧស ហើយ​បង្កាត់ភ្លើង​ឲ្យ​ឆេះ​ឡើង ឯឧស​ក៏​មិន​ឆេះ​ក្នុង​ទីនោះ ព្រោះ​អាស្រ័យ​បាដិហារ្យ​របស់​ព្រះសម្ពុទ្ធ ទ្រង់​ស្វែងរក​នូវ​គុណ​ដ៏​ធំ ទើប​ទ្រង់​តា្រស់​ថា ភ្លើង​របស់​អ្នក​ក៏​មិន​ឆេះ គ្រឿងបូជា​របស់​អ្នក​ក៏​មិន​មាន​ដែរ អំពើ​របស់​អ្នកនោះ ជា​របស់​ឥតប្រយោជន៍ អ្នក​ចូរ​បម្រើភ្លើង​របស់​តថាគត​វិញ​ចុះ។
 បពិត្រ​ព្រះអង្គ​ជាម​ហា​វីរបុរស សភាវៈ​អ្វី ដែល​ព្រះអង្គ​ហៅថា​ភ្លើង​របស់​ព្រះអង្គ សូម​ព្រះអង្គ​សម្តែង​ប្រាប់​នូវ​សភាវៈ​នុ៎ះ​ដល់​ខ្ញុំ យើង​ទាំងពីរ​នាក់ នឹង​បម្រើភ្លើង។
 ការ​រលត់​ធម៌​ដែល​ជាហេតុ ១ ការ​ដុត​បំផ្លាញ​កិលេស ១ ការ​លះបង់​ឥស្សា និង​មច្ឆរិយ ១ ទាំង ៣ នេះ ឈ្មោះថា​ភ្លើង ជា​គ្រឿងបូជា​របស់​តថាគត។
 បពិត្រ​ព្រះអង្គ​ជាម​ហា​វីរបុរស ព្រះអង្គ​ជា​អ្វី បពិត្រ​ព្រះអង្គ​និរទុក្ខ ព្រះអង្គ​ជា​គោត្រ​អ្វី អាចារៈ និង​សេចក្តី​ប្រតិបត្តិ​របស់​ព្រះអង្គ ខ្ញុំ​គាប់ចិត្ត​ពេក​ណាស់។
 តថាគត​កើត​ក្នុង​ត្រកូល​ក្សត្រ ដល់​នូវ​ត្រើយ​អភិញ្ញា អស់​អាសវៈ​ទាំងពួង​ហើយ ឥឡូវនេះ មិន​មាន​ភព​ថ្មី​ទេ។
ថយ | ទំព័រទី ២១៦ | បន្ទាប់
ID: 637643114787182695
ទៅកាន់ទំព័រ៖