ព្រះត្រៃបិដក ភាគ ៧៤
បុគ្គលនោះ នឹងបានសោយរាជ្យ ជាស្តេចទេវតា អស់ ២៥ ដង នឹងបានជាស្តេចចក្រពត្តិ មួយពាន់ដង។ បាយ ទឹក សំពត់ និងទីដេក ដ៏មានថ្លៃច្រើន ប្រកបហើយដោយបុញ្ញកម្ម ហាក់ដូចដឹងបំណងរបស់បុគ្គល អ្នកប្រកបដោយបុព្វកម្ម នឹងកើតឡើងក្នុងខណៈនោះ។ បុគ្គលនេះ នឹងរីករាយ ជាអ្នកមិនមានរោគសព្វៗ កាល។ បុគ្គលនេះ បើទៅកាន់កំណើតណា ទោះជាទេវតា ឬជាមនុស្ស នឹងជាអ្នកដល់នូវសេចក្តីសុខ ក្នុងទីទាំងពួង។ បុគ្គលនោះ នឹងជាអ្នកស្វាធ្យាយមន្ត ចេះចាំមន្ត ដល់នូវត្រើយនៃត្រៃវេទ នឹងបានចូលទៅគាល់ព្រះសម្ពុទ្ធហើយ នឹងបានជាព្រះអរហន្ត។
ខ្ញុំរលឹកឃើញនូវខ្លួនក្នុងកាលណា ដល់នូវភាពជាអ្នកដឹងក្តីក្នុងកាលណា កាលនោះ ខ្ញុំមិនមានសេចក្តីខ្វះខាតដោយភោគៈឡើយ នេះជាផលនៃការថ្វាយផ្លែទន្លាប់។ ខ្ញុំបានដល់នូវធម៌ដ៏ប្រសើរ គាស់រំលើងនូវរាគៈ ទោសៈ មោហៈ ហើយអស់អាសវៈទាំងពួងហើយ ឥឡូវនេះ ភពថ្មីមិនមានទៀតទេ។
ID: 637643115408745072
ទៅកាន់ទំព័រ៖