ព្រះត្រៃបិដក ភាគ ៧៤
អ្នកបំពេញកិច្ចនោះចំពោះព្រះសយម្ភូ ទ្រង់ស្វែងរកនូវគុណដ៏ធំហើយ អ្នកនៅក្នុងសំណាក់នៃព្រះមុនី ក្នុងកាលណា អ្នកនឹងបានឈ្មោះថា បុណ្ណកៈ ក្នុងកាលនោះ។ លុះខ្ញុំច្យុតចាកកាយនោះហើយ ក៏បានទៅកើតក្នុងទេវលោក ក្លិនជាទិព្វបង្អុរចុះពីអាកាស ត្រង់កន្លែងដែលខ្ញុំនៅនោះ។ កាលនោះ ឈ្មោះរបស់ខ្ញុំថាបុណ្ណកៈ ក្នុងទីនោះ ខ្ញុំកើតជាទេវតា ឬជាមនុស្ស តែងបំពេញសេចក្តីបំណងបាន។ នេះសរីរៈជាទីបំផុតរបស់ខ្ញុំ ភពជាទីបំផុត កំពុងប្រព្រឹត្តទៅ សូម្បីក្នុងអត្តភាពនេះ គង់អ្នកផងប្រកាសនាម (របស់ខ្ញុំ) ថាបុណ្ណកៈ។ ខ្ញុំបានញុំាងព្រះសម្ពុទ្ធ ព្រះនាមគោតម ជាសក្យៈដ៏ប្រសើរ ឲ្យត្រេកអរ ខ្ញុំកំណត់ដឹងអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាសរីរសពនោះឯង។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំគាស់រំលើងចោលហើយ ជាអ្នកមិនមានអាសវៈ ដូចដំរីផ្តាច់ខ្សែទន្លីង។
ID: 637643116273432530
ទៅកាន់ទំព័រ៖