ព្រះត្រៃបិដក ភាគ ៧៤
ខ្ញុំបានសំពត់ គ្រឿងក្រអូប សប្បិ និងវត្ថុដទៃ ដែលប្រព្រឹត្តទៅក្នុងបច្ចុប្បន្ន ទាំងបានព្រះនិព្វាន ដែលជាអសង្ខតៈ នេះជាផលនៃការថា្វយសប្បិ។ ក្នុងថ្ងៃនេះ ខ្ញុំមានសតិប្បដ្ឋានជាទីដេក មានសមាធិជ្ឈានជាគោចរ ញុំាងពោជ្ឈង្គឲ្យកើត នេះជាផលនៃការថ្វាយសប្បិ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំគាស់រំលើងចោលហើយ ជាអ្នកមិនមានអាសវៈ ដូចដំរីកាត់ខ្សែទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ល្អណាស់ហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះមេត្តគុត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ មេត្តគុត្ថេរាបទាន។
ID: 637643118307338978
ទៅកាន់ទំព័រ៖