ព្រះត្រៃបិដក ភាគ ៧៤
ធោតកត្ថេរាបទាន ទី៤
[១០៤] ទឹកស្ទឹងឈ្មោះភាគីរសី ហូរចេញមកអំពីព្រៃហិមពាន្ត ហើយហូរទៅតាមទ្វារក្រុងហង្សវតី ក្នុងខណៈនោះ។ អារាមឈ្មោះសោភិតៈ ដែលគេសាងល្អហើយ នៅក្បែរឆ្នេរស្ទឹងគង្គា ព្រះពុទ្ធ ព្រះនាមបទុមុត្តរៈ ជាលោកនាយក សេ្តចប្រថាប់នៅក្នុងអារាមនោះ។ ព្រះមានព្រះភាគ មានពួកមនុស្សចោមរោមហើយ ដូចជាព្រះឥន្រ្ទមានពួកទេវតាចោមរោម ស្តេចគង់នៅក្នុងអារាមនោះ ដូចកេសររាជសីហ៍ ដែលឥតមានសេចក្តីតក់ស្លុត។ ខ្ញុំកើតជាព្រាហ្មណ៍ មាននាមថាឆឡង្គៈ នៅក្នុងនគរហង្សវតី បពិត្រព្រះមហាមុនី ឈ្មោះខ្ញុំយ៉ាងនេះ។ កាលនោះ ពួកសិស្សចំនួន ១៨ រយនាក់ តែងចោមរោមខ្ញុំ ខ្ញុំព្រមព្រៀងដោយពួកសិស្សទាំងនោះ ក៏ចូលទៅកាន់ឆ្នេរស្ទឹងគង្គា។ ខ្ញុំកំពុងឆ្លងស្ទឹងភាគីរសី បានឃើញពួកសមណៈ ជាបុគ្គលមិនកុហក ជាអ្នកបន្សាត់បង់នូវបាប ត្រង់ឆ្នេរស្ទឹងគង្គានោះ ហើយខ្ញុំគិតយ៉ាងនេះ ក្នុងខណៈនោះថា
ID: 637643118562652119
ទៅកាន់ទំព័រ៖